(វ៉ាស៊ីនតោន)៖ ទីបំផុតយាន Crew Dragon របស់ក្រុមហ៊ុន SpaceX បានត្រឡប់ចុះមកដល់ភពផែនដីវិញដោយជោគជ័យ ក្រោយពីវាបានចំណាយពេល០៦ថ្ងៃ នៅឯស្ថានីយអវកាសអន្តរជាតិ ISS។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Independent នៅយប់ថ្ងៃសុក្រ ទី០៨ ខែមីនា ឆ្នាំ២០១៩។
នាព្រឹកថ្ងៃសុក្រនេះ (ពេលវេលានៅភាគខាងកើតសហរដ្ឋអាមេរិក) ក្រោយពីត្រឡប់ចូលមកក្នុងបរិយាកាសផែនដីវិញ យាន Crew Dragon ឬ Dragon 2 បានប្រើឆ័ត្រយោងទម្លាក់ខ្លួនវាចុះមកប៉ះផ្ទៃទឹកនៃមហាសមុទ្រអាត្លង់ទិកដោយសុវត្ថិភាព ជាមួយអវយានិកជ័រម្នាក់ឈ្មោះថា Ripley នៅក្បែរឆ្នេរនៃរដ្ឋផ្លូរីដា។ ការធ្វើតេស្តខាងលើនេះ បានចាប់ផ្តើមកាលពីថ្ងៃសៅរ៍សប្តាហ៍មុន ហើយយានអវកាស Crew Dragon បានទៅដល់ស្ថានីយ ISS កាលពីថ្ងៃអាទិត្យ។
គួរជម្រាបថា បច្ចុប្បន្ន ក្រុមអវកាសយានិករបស់ទីភ្នាក់ងារអវកាសអាមេរិក NASA បានពឹងផ្អែកទាំងស្រុងទៅលើយាននិងគ្រាប់រ៉ុក្កែតរបស់ប្រទេសរុស្ស៊ី ដើម្បីធ្វើដំណើរទៅកាន់ស្ថានីយអវកាសអន្តរជាតិ ចាប់តាំងតែពីកម្មវិធីយាន Space Shuttle របស់ខ្លួន បានចូលនិវត្តន៍កាលពី០៨ឆ្នាំមុន។ ឥឡូវនេះ NASA កំពុងដាក់ក្តីសង្ឃឹមលើក្រុមហ៊ុនឯកជន SpaceX ក៏ដូចជា Boeing ក្នុងការផលិតយានអវកាសមួយ ដើម្បីចាប់ផ្តើមបញ្ជូនអវកាសយានិករបស់ខ្លួន ឡើងទៅកាន់ទីអវកាសវិញ ដោយប្រើគ្រាប់រ៉ុក្កែតនិងយានរបស់អាមេរិកផ្ទាល់។
បន្ទាប់ពីការធ្វើតេស្តខាងលើ យាន Crew Dragon នឹងត្រូវធ្វើតេស្តជាលើកដំបូងដោយមានវត្តមានមនុស្សនៅខែកក្កដា ឆ្នាំ២០១៩នេះ រីឯយាន Starliner ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍរបស់ Boeing ត្រូវគេរំពឹងថានឹងអាចធ្វើការសាកល្បងបាញ់បង្ហោះដោយគ្មានដឹកមនុស្សជាលើកដំបូងទៅកាន់ស្ថានីយ ISS នៅខែមេសា ខាងមុខ ខណៈការហោះហើរដោយមានដឹកមនុស្សគឺនៅអំឡុងរដូវក្តៅឆ្នាំនេះ (ចន្លោះខែមិថុនានិងខែកញ្ញា)៕