(ហាណូយ)៖ ប្រភេទជំងឺគ្រុនផ្តាសាយបក្សី H5N6 ចំនួន០២ករណី បានកើតមានឡើងនៅក្នុងខេត្ត Quang Nam ភាគកណ្តាលប្រទេស​វៀត​ណាមនាពេលថ្មីៗនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាយប់ថ្ងៃសុក្រ ទី០៨ ខែមីនា ឆ្នាំ២០១៩​។​

បើតាមការឲ្យដឹងពីមជ្ឈមណ្ឌលកសិកម្មមួយរបស់វៀតណាម សត្វមាន់ជាង៥,០០០ក្បាល​នៅក្នុងឃុំមួយនៃស្រុក Tien Phuoc បានឆ្លងជំងឺនេះ និង​ត្រូវ​បានសម្លាប់ចោលទាំងអស់ ខណៈវ៉ាក់សាំងការពារជំងឺផ្តាសាយបក្សីជាង១០,០០០បំពង់ កំពុងត្រូវប្រើប្រាស់ទៅលើហ្វូងសត្វបក្សី ដែលស្ថិត​ក្នុងសហគមន៍នោះ។

កាលពីខែមករាកន្លងទៅ ជំងឺគ្រុនផ្តាសាយបក្សីក៏ធ្លាប់បានផ្ទុះឡើងនៅក្នុងប្រទេសវៀតណាមផងដែរ ដោយមួយករណី គឺ H5N6 ត្រូវ​គេ​រាយ​ការណ៍​នៅខេត្ត Quang Ninh ភាគខាងជើង និងមួយករណីទៀតគឺ H5N1 បានកើតមាននៅខេត្ត Long An ភាគខាងត្បូង ប៉ុន្តែចាប់តាំង​​ពីឆ្នាំ២០១៤មក ពុំមានករណីថ្មីនៃមនុស្សឆ្លងជំងឺគ្រុនផ្តាសាយបក្សី H5N1 ឡើយ​។

គួរជម្រាបថា បច្ចុប្បន្នប្រទេសវៀតណាម ក៏កំពុងតែទទួលរងនូវការរីករាលដាលនៃជំងឺម៉្យាងដែលកើតឡើងលើសត្វជ្រូក ដែលគេហៅថា​ជំងឺ​ប៉េសជ្រូកអាហ្វ្រិក (African Swine Fever) ឬក៏ជំងឺផ្តាសាយជ្រូកអាហ្វ្រិកផងដែរ នៅក្នុងខេត្តមួយចំនួនរបស់ខ្លួន៕