(ការ៉ាកាស់)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បាននិយាយថាការដាច់ចរន្តអគ្គិសនីនៅក្នុងប្រទេសវេណេស៊ុយអេឡាកើតឡើងគឺដោយសារតែរដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ គ្មានសមត្ថភាព មិនមែនមានជាប់ពាក់ព័ន្ធនឹង សហរដ្ឋអាមេរិកឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃសុក្រ ទី០៨ ខែមីនា ឆ្នាំ២០១៩។
ថ្លែងនៅលើ Twitter នៅថ្ងៃសុក្រសប្ដាហ៍នេះ លោក ប៉ុមប៉េអូ បានគូសបញ្ជាក់ដូច្នេះថា៖ «ការដាច់ចរន្តអគ្គិសនី...មិនមែនដោយសារតែសហរដ្ឋអាមេរិក កូឡុំប៊ី អេក្វាឌ័រ អឺរ៉ុប ឬក៏ប្រេស៊ីលនោះទេ តែវាកើតឡើងដោយសារតែរដ្ឋាភិបាល ម៉ាឌូរ៉ូ គ្មានសមត្ថភាព»។ រដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះបន្ថែមទៀតថា នៅពេលនេះគ្មានអាហារ គ្មានថ្នាំពេទ្យ គ្មានថាមពលអគ្គិសនី ហើយបន្ទាប់គឺអាចនឹងគ្មានលោក ម៉ាឌូរ៉ូ។
គួរបញ្ជាក់ថា ការលើកឡើងខាងលើរបស់លោក ប៉ុបប៉េអូ កើតមានបន្ទាប់ពីលោក ម៉ាឌូរ៉ូ បានអះអាងថាការធ្វើសង្រ្គាមអគ្គិសនី របស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសរបស់លោកនឹងមិនទទួលបានជោគជ័យឡើយ ខណៈរដ្ឋមន្ត្រីថាមពល វេណេស៊ុយអេឡាបញ្ជាក់ថាអាជ្ញាធរកំពុងដោះស្រាយបញ្ហាដាច់ចរន្តអគ្គិសនី ដែលត្រូវបានរាយការណ៍នៅព្រឹកថ្ងៃសុក្រនេះ ស្ទើតែទូទាំងប្រទេស៕