(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអវកាសអាមេរិក NASA បានដកឧបករណ៍មួយចេញវិញ ដែលកន្លងមកត្រូវបានជ្រើសរើសសម្រាប់បំពាក់ លើយានដែលត្រូវទៅសិក្សាអំពីព្រះច័ន្ទ Europa របស់ភពព្រហស្បតិ៍ (Jupiter) ដោយសារហេតុផលថវិកា ប៉ុន្តែ NASA បានបញ្ជាក់ថា នឹងស្វែងរកមធ្យោបាយជំនួសឧបករណ៍នេះវិញ ជាមួយប្រភេទរចនាដែលមិនសូវស្មុគស្មាញ និងមិនចំណាយច្រើន។ នេះបើតាមការដកស្រង់ការផ្សាយចេញពី វែបសាយព័ត៌មានវិទ្យាសាស្រ្ត-អវកាស Space នៅថ្ងៃសុក្រ ទី០៨ ខែមីនា ឆ្នាំ២០១៩។
បើតាមសេចក្តីថ្លែងការណ៍នាពេលថ្មីៗនេះរបស់អង្គការ NASA ឧបករណ៍ដែលត្រូវបានដកចេញមានឈ្មោះកាត់ថា ICEMAG (Interior Characterization of Europa Using Magnetometry)។ វាត្រូវបានរចនាឡើង ដើម្បីវាស់ស្ទង់ ដែនម៉ាញេទិចនៅជុំវិញព្រះច័ន្ទទឹកកក Europa។ ICEMAG ស្ថិតក្នុងចំណោមឧបករណ៍សំខាន់ៗចំនួន ០៩ ដែលត្រូវបានជ្រើសរើសដោយ NASA នៅឆ្នាំ២០១៥ សម្រាប់ការអភិវឌ្ឍបេសកកម្ម Europa Clipper។
អង្គការ NASA បានឲ្យដឹងថា ដោយសារតែទំហំនៃការចំណាយលើ ICEMAG ដែលស្ថិតក្នុងដំណាក់កាលរចនាដំបូងប៉ុណ្ណោះនោះ បានកើនឡើងខ្ពស់ខ្លាំងដល់ទៅជាង ៤៥លានដុល្លារ ទើបបង្ខំឲ្យពួកគេដកឧបករណ៍នេះចេញតែម្តង ក៏ប៉ុន្តែ NASA បានបានបញ្ជាក់ថា នឹងងាកទៅរចនាឧបករណ៍វាស់ស្ទង់ដែនម៉ាញេទិច (Magnetometer) ដែលមានលក្ខណៈធម្មតាល្មមៗវិញ។ បើតាមអ្នកវិទ្យាសាស្រ្ត ការរួមបញ្ចូលឧបករណ៍ Magnetometer គឺមានសារៈសំខាន់ជាពិសេស សម្រាប់ការស្រាវជ្រាវទៅលើផ្ទៃផ្នែកខាងក្នុងរបស់ Europa ដែលគេជឿជាក់ថា មានផ្ទុកមហាសមុទ្រដ៏ធំមហាសាលមួយ៕