(ប៉េកាំង)៖ ខេត្តកានស៊ូជាខេត្តក្រីក្រធំមួយរបស់ប្រទេសចិន។ ខេត្តមួយនេះមានប្រជាជនក្រីក្រច្រើន និង មានលក្ខណៈសម្បត្តិធម្មជាតិដែលគ្មានអំណោយផល ហេតុដូច្នេះការកាត់បន្ថយភាពក្រីក្រ ក៏មានភាពលំបាកខ្លាំងដែរ។ នៅរសៀលថ្ងៃទី ៧ ខែមីនា លោក ស៊ី ជីនភីង ប្រធានរដ្ឋបានអញ្ជើញចូលរួមការពិនិត្យពិភាក្សា លើរបាយការណ៍ការងាររដ្ឋាភិបាលនៃប្រតិភូតំណាងប្រជាជនខេត្តកានស៊ូ។
ក្នុងកិច្ចពិភាក្សា បញ្ហាជួយសម្រាលបន្ទុករបស់ជនក្រីក្រជាបញ្ហាពិភាក្សាសំខាន់មួយរបស់លោក ស៊ី ជីនភីង និងតំណាងប្រជាជនខេត្តកានស៊ូ។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ចំនួនប្រជាជនក្រីក្រនៃខេត្តកានស៊ូបានធ្លាក់ចុះពី ២លាន ៥សែន ៦ម៉ឺននាក់នាឆ្នាំ២០១៦ មកត្រឹមជាង ១លាននាក់នាពេលបច្ចុប្បន្ន ហើយចំណូលដែលអាចបែងចែក បានគិតជាមធ្យមសម្រាប់ជនក្រីក្រម្នាក់ៗមានដល់ទៅ ៥,៣៩០យ័នប្រាក់ចិនក្នុងមួយឆ្នាំ។
ទាក់ទិននឹងការងារលុបបំបាត់ភាពក្រីក្រ និងពុះពារឧបសគ្គរបស់ខេត្តកានស៊ូ លោក ស៊ី ជីនភីង បានតម្រូវឲ្យអាជ្ញាធរក្នុងតំបន់ខិតខំអនុវត្តការងារលើ ៥ ចំណុចពោលគឺប្រកាន់ខ្ជាប់នឹងជំនឿចិត្តជាដាច់ខាតមិនងាករេ ប្រកាន់ខ្ជាប់គោលដៅយ៉ាងម៉ឺងម៉ាត់ គ្រប់គ្រង និងដោះស្រាយបញ្ហាយ៉ាងម៉ឺងម៉ាត់ ទទួលខុសត្រូវជាដាច់ខាត និងកែប្រែឥរិយាបថការងារជាបន្តបន្ទាប់។ លោក ស៊ី ជីនភីង បានកត់សម្គាល់ថា ស្តង់ដារនៃការលុបបំបាត់ភាពក្រីក្រ និងពុះពារឧបសគ្គ គឺធានាយ៉ាងណាឲ្យប្រជាជនក្រីក្រមិនខ្វះអាហារហូបចុក និងមានសម្លៀកបំពាក់គ្រប់គ្រាន់ ហើយការអប់រំបែបកាតព្វកិច្ចសុខាភិបាលជាមូលដ្ឋាន និងផ្ទះសម្បែងសុវត្ថិភាព ក៏ទទួលបានការធានាផងដែរ។
ក្រុងទីងស៊ីជាតំបន់ដែលមានប្រជាជនក្រីក្រច្រើនជាងគេ និងមានភាពលំបាកខ្លាំងជាងគេក្នុងការលុបបំបាត់ភាពក្រីក្រនៃខេត្តកានស៊ូ ។ មុនចូលឆ្នាំថ្មីប្រពៃណីចិននាឆ្នាំ ២០១៣ លោក ស៊ី ជីនភីង ធ្លាប់អញ្ជើញចុះទៅត្រួតពិនិត្យការងារ និងសួរសុខទុក្ខចំពោះប្រជាជននៅភូមិក្រីក្រនៃក្រុងទីងស៊ី។ ក្នុងការពិនិត្យពិភាក្សារបាយការណ៍ការងាររដ្ឋាភិបាល លោក ថាង សៀវម៉េង លេខាបក្សនៃក្រុងទីងស៊ីបានជម្រាបជូនលោក ស៊ី ជីនភីង ថាក្នុងរយៈពេល ៦ឆ្នាំកន្លងមក ក្រុងទីងស៊ីបានកាត់បន្ថយជនក្រីក្រជាង ៦សែននាក់ ជាពិសេស ភូមិយាន់គូទួយ ដែលលោក ស៊ី ជីនភីង បានចុះទៅត្រួតពិនិត្យនៅឆ្នាំ ២០១៣ បានសម្រេចការរួចផុតពីភាពក្រីក្រទាំងស្រុងហើយនៅឆ្នាំ២០១៨ ៕