(ហែលស៊ីនគី)៖ នាយករដ្ឋមន្រ្តីហ្វាំងឡង់​លោក ជូហា ស៊ីភូឡា (Juha Sipila) បានសម្រេចដាក់ពាក្យលាលែង​​នៃរដ្ឋាភិបាលរបស់លោក (ឬស្មើរំលាយរដ្ឋាភិបាល) ​​នៅ​ថ្ងៃ​សុក្រនេះ ក្រោយពី​គម្រោង​ធំបំផុត​របស់ខ្លួន គឺការធ្វើកំណែ​ទម្រង់ផ្នែកសុខាភិបាល និងផ្នែកសេវាថែទាំក្នុងសង្គម​ បានទទួល​​រង​ភាព​បរាជ័យ​​នៅក្នុងសភា។ នេះបើតាម​ការដក​ស្រង់​ការ​ផ្សាយចេញពី​សារព័ត៌មាន Bloomberg នៅរសៀល​ថ្ងៃសុក្រ ទី០៨ ខែមីនា ឆ្នាំ២០១៩។

លោក Sipila បានចូលជួបជា​មួយ​ប្រធានាធិបតី​​ហ្វាំងឡង់ លោក សូលី នីអ៊ីនីស្តូ (Sauli Niinisto) នាព្រឹកថ្ងៃសុក្រ​នេះ (ម៉ោងក្នុងតំបន់) នៅក្នុង​រដ្ឋ​ធានី​ហែលស៊ីនគី ដើម្បីប្រគល់​ជូនលោក Niinisto នូវលិខិតសុំលាលែង​ពីតំណែង ហើយ​លោក​ប្រធានាធិបតីហ្វាំងឡង់​ក៏​បាន​ទទួលយក​ការសុំចុះចេញពីតំណែង​នេះ​ផងដែរ។ ជាមួយគ្នានេះ លោក Sipila ក៏ត្រូវគេរំពឹងថា នឹងស្នើឲ្យ​លោក Niinisto រំលាយ​សភា​នៅក្នុងថ្ងៃដដែលនេះ​ថែមទៀត​ផង។

គួរជម្រាបថា ដំណឹងខាងលើ​បានលេចឡើង ស្របពេលដែល​​ប្រទេស​ហ្វាំងឡង់​កំពុងត្រៀមរៀបចំ​ខ្លួនសម្រាប់​ការបោះ​ឆ្នោត​​សកល ដែលនឹងប្រព្រឹត្ត​ទៅនៅថ្ងៃទី១៤ ខែមេសា ខាង​មុខ។ ទោះបី​ជា​រដ្ឋាភិបាល​ត្រូវរំលាយក្តី ​លោក​ប្រធានាធិបតីហ្វាំងឡង់ បានស្នើទៅគណៈរដ្ឋមន្ត្រី និងលោក Juha Sipila ឲ្យបន្តការងាររបស់​ក្នុងខ្លួន ក្នុងស្ថានភាពជា​រដ្ឋាភិបាល​ស្តីទី ឬបណ្តោះ​អាសន្ន៕