(ប៊ែរឡាំង)៖ រដ្ឋមន្ត្រីសេដ្ឋកិច្ចអាល្លឺម៉ង់ លោក ភឺធើ អាល់មែរ (Peter Altmaier) បាននិយាយថា រដ្ឋាភិបាលទីក្រុងប៊ែរឡាំងនឹងមិនហាមឃាត់ក្រុមហ៊ុនបច្ចេកវិទ្យាទូរគមនាគមន៍ Huawei ក្នុងការអភិវឌ្ឍ និងកសាងប្រព័ន្ធ 5G នោះទេ បើទោះជាសហរដ្ឋអាមេរិកកំពុងដឹកនាំយុទ្ធនាការប្រឆាំង នឹងក្រុមហ៊ុនយក្សចិនមួយនេះក៏ដោយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃសុក្រ ទី០៨ ខែមីនា ឆ្នាំ២០១៩។
លោក Peter Altmaier ធ្វើការកត់សម្គាល់បែបនេះ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាល្លឺម៉ង់មួយ នៅថ្ងៃពុធសប្ដាហ៍នេះ និងជាការឆ្លើយតបទៅនឹងសំណួរដែលសួរថា តើរដ្ឋាភិបាលអាល្លឺម៉ង់មានគម្រោងហាមឃាត់ក្រុមហ៊ុន Huawei ក្នុងការអភិវឌ្ឍប្រព័ន្ធទូរស័ព្ទដៃចល័ត 5G ដែរទេ។ បន្ថែមពីលើនេះ ការលើកឡើងរបស់លោក Altmaier កើតមានឡើងបន្ទាប់ពីទីភ្នាក់ងារបណ្ដាញ Network អាល្លឺម៉ង់បានចេញផ្សាយនូវបទបញ្ជាសន្តិសុខមួយ លើរាល់ក្រុមហ៊ុនទូរគមនាគមន៍ទាំងអស់ ជាមួយការស្នើឱ្យអ្នកផ្គត់ផ្គង់ប្រព័ន្ធ 5G ត្រូវតែមានភាពទៀងត្រង់។ បទបញ្ជានេះក៏បានបញ្ជាក់ដែរថា រាល់បណ្ដាញ Network ទាំងអស់ត្រូវ តែប្រើប្រាស់សមាសភាពពីក្រុមហ៊ុនជាច្រើន។
គួរជម្រាបថា បច្ចុប្បន្នសហរដ្ឋអាមេរិកកំពុងដឹកនាំយុទ្ធនាការប្រឆាំងនឹងការអភិវឌ្ឍប្រព័ន្ធ 5G របស់ក្រុមហ៊ុន Huawei ដោយចោទថា ក្រុមហ៊ុនចិនមួយនេះបាននិងកំពុងធ្វើចារកម្មឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំង បើទោះជាក្រុមហ៊ុន Huawei បានបដិសេធក៏ដោយ។ ក្រសួងការបរទេសចិននៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានចាត់ទុកការចោទប្រកាន់ និងទង្វើរុកគួនដោយអាជ្ញាធរអាមេរិកលើក្រុមហ៊ុន Huawei គឺជារឿងនយោបាយ ខណៈ Huawei នៅថ្ងៃដដែលបានប្រកាសដាក់ពាក្យប្តឹងរដ្ឋាភិបាលអាមេរិកជាផ្លូវការ៕