(ហាណូយ)៖ ក្រុមហ៊ុនប្រឹក្សាយោបល់អន្តរជាតិ Grant Thornton បានឱ្យដឹងថា នាពេលបច្ចុប្បន្នស្ត្រី ៣៦ភាគរយកំពុងកាន់មុខតំណែងជាន់ខ្ពស់ក្នុងវិស័យធុរៈកិច្ចវៀតណាម ដែលនេះបានធ្វើឱ្យប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ឈរនៅលេខរៀងទី ២ បន្ទាប់ពី ហ្វីលីពីនដែលឈរនៅលេខរៀងទី ១ ជាមួយអាត្រា ៣៧.៥ភាគរយ ក្នុងនាមជាប្រទេសមានស្ត្រីចូលរួមក្នុងវិស័យធុរៈកិច្ច ច្រើនជាងគេក្នុងទ្វីបអាស៊ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៨ ខែមីនា ឆ្នាំ២០១៩។
យោងតាមរបាយការណ៍មានចំណងជើងថា "Women in Business 2019" ចេញផ្សាយនៅថ្ងៃសុក្រនេះរបស់ក្រុមហ៊ុន Grant Thornton តំណែងជាអ្នកគ្រប់គ្រង ឬនាយកមាន ២៩ភាគរយ កាន់កាប់ដោយស្ត្រីនៅទូទាំងពិភពលោកធៀបទៅនឹង ២៨ភាគរយ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ចំណែកឯស្ត្រីដែលកាន់តំណែងជាន់ខ្ពស់នៅក្នុងប្រទេសវៀតណាម មានដូចជានាយកហិរញ្ញវត្ថុ នាយកប្រតិបត្តិ នាយកផ្នែកធនធានមនុស្ស និងនាយកទីផ្សារជាដើម។
គួរបញ្ជាក់ថា បើតាម World Economic Forum វៀតណាមសិ្ថតនៅក្នុងចំណោមប្រទេសចំនួន ២៥ ដែលជិតឈានដល់ការ បិទបញ្ចប់គម្លាតយែនឌឺនៅវិស័យពលកម្មការងារ។ វៀតណាមមានសហគ្រាសខ្នាត មធ្យមប្រមាណ ១៤៥,០០០ គ្រប់គ្រងដោយស្ត្រីនៅទូទាំងប្រទេស ព្រមទាំងមានមហិច្ឆតាពង្រីកឱ្យដល់ ១លានសហគា្រសនៅឆ្នាំ២០២០ និងមួយភាគបីគ្រប់គ្រងដោយស្ត្រី៕