(ញូដេលី)៖ ប្រទេសឥណ្ឌាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ក្នុងទំហំទឹកប្រាក់ជាង ៣ពាន់លានដុល្លារអាមេរិកជាមួយនឹងប្រទេសរុស្ស៊ី ស្តីពីការជួលនាវាមុជទឹកប្រយុទ្ធដើរដោយថាមពលនុយក្លេអ៊ែរ ចំនួនមួយគ្រឿងសម្រាប់កងទ័ពជើងទឹករបស់ខ្លួនក្នុងរយៈពេល ១០ឆ្នាំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៨ ខែមីនា ឆ្នាំ២០១៩។
នៅក្រោមកិច្ចព្រមព្រៀងខាងលើ ទីក្រុងម៉ូស្គូនឹងត្រូវប្រគល់នាវាមុជទឹកប្រយុទ្ធមួយគ្រឿងប្រភេទ អាគូឡា (Akula) ដែលនឹងមានឈ្មោះជាភាសាឥណ្ឌាថា ឆាក្រា ៣ (Chakra III) ឲ្យទៅកងទ័ពជើងទឹកឥណ្ឌានៅឆ្នាំ២០២៥ ដោយវានឹងក្លាយជានាវាមុជទឹកទី ៣ ដែលរុស្ស៊ីឲ្យឥណ្ឌាជួលយកទៅប្រើប្រាស់។ នាវាមុជទឹក Chakra-3 នឹងត្រូវយកមកជំនួសនាវាមុជទឹក Chakra-2 ដែលកិច្ចព្រមព្រៀងជួលរបស់វា នឹងត្រូវផុតសុពលភាពនៅឆ្នាំ២០២២ ប៉ុន្តែត្រូវគេរំពឹងថា នឹងពន្យារបន្ថែម ០៥ឆ្នាំទៀត ដើម្បីទុកពេលឲ្យ Chakra-3 ត្រៀមលក្ខណៈបានរួចរាល់។
គួរជម្រាបថា កិច្ចព្រមព្រៀងតម្លៃប្រមាណជាង ៣ពាន់លានដុល្លារខាងលើនេះ គឺជាកិច្ចព្រមព្រៀងធំបំផុតរវាងឥណ្ឌា និងរុស្ស៊ី គិតចាប់តាំងពីខែតុលា ឆ្នាំ២០១៨ នៅពេលដែលប្រទេសទាំងពីរបានចុះកិច្ចព្រមព្រៀងទំហំ ៥.៤៣ពាន់លានដុល្លារស្តីពីការទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៊ី S-400 ចំនួន ០៥គ្រឿង៕