(វ៉ាស៊ីនតោន)៖ លោក ផូល ម៉ាណាហ្វត (Paul Manafort) ដែលជាអតីតប្រធានគ្រប់គ្រងយុទ្ធនាការបោះឆ្នោត របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល ៤៧ខែ (ជិត០៤ឆ្នាំ) ពីបទក្លែងបន្លំពន្ធ និងកេងបន្លំធនាគារ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែមីនា ឆ្នាំ២០១៩។
រយៈពេលខាងលើនេះគឺខ្លីជាងឆ្ងាយ បើធៀបទៅនឹងរយៈពេលដាក់ពន្ធនាគារចន្លោះពីជាង ១៤ឆ្នាំ-១៩ឆ្នាំ ដែលត្រូវបានស្នើឡើងដោយក្រុមរដ្ឋអាជ្ញាសហរដ្ឋអាមេរិក។ ដោយឡែក បន្ថែមពីលើការត្រូវជាប់ពន្ធនាគារ តុលាការអាមេរិកក៏បានបង្គាប់ឲ្យ លោក Manafort បង់ប្រាក់ពិន័យ ៥០,០០០ដុល្លារផងដែរ ក៏ប៉ុន្តែប្រាក់ពិន័យនេះទៀតសោត គឺជាកម្រិតទាបបំផុត ពីព្រោះថាគោលការណ៍ណែនាំនៃការផ្តន្ទាទោស បានស្នើឲ្យមានប្រាក់ពិន័យចន្លោះពី ៥០,០០០ដុល្លារ រហូតដល់ ២៤លានដុល្លារឯណោះ។
គួរជម្រាបថា បទចោទប្រកាន់ទាំងឡាយប្រឆាំងនឹងលោក Manafort គឺបានកើតចេញមកពីការស៊ើបអង្កេត ដែលកំពុងតែបន្តប្រព្រឹត្តទៅរបស់រដ្ឋអាជ្ញាពិសេស លោក រ៉ូប៊ឺត មូល្លឺ (Robert Mueller) ជុំវិញរឿងអាស្រូវនៃការលូកដៃរបស់រុស្ស៊ីចូលក្នុងកិច្ចការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ និងទំនាក់ទំនងរវាងរុស្ស៊ី និងក្រុមយុទ្ធនាការបោះឆ្នោតរបស់លោក ដូណាល់ ត្រាំ ដោយទីក្រុងម៉ូស្គូបានច្រានចោលជាដដែលៗចំពោះរឿងអាស្រូវនេះ ហើយលោក ត្រាំ បានថ្កោលទោសការស៊ើបអង្កេតថា «ជាយុទ្ធនាការប្រមាញ់ធ្មប់-បិសាច»៕