(វ៉ាស៊ីនតោន)៖ Channel Youtube មួយដែលមានឈ្មោះថា atomcentral បានស្តារឃ្លីបវីដេអូដល់កម្រិតរូបភាពច្បាស់ HD ដែលបង្ហាញអំពីការធ្វើតេស្តគ្រាប់បែកនុយក្លេអ៊ែរចំនួនពីរលើករបស់សហរដ្ឋអាមេរិក គឺ Trinity Test នៅឆ្នាំ១៩៤៥ ដែលជាការចាប់ផ្តើមការសម័យកាលអាវុធនុយក្លេអ៊ែរ និង Upshot-Knothole Grable Test ឆ្នាំ១៩៥៣ ជាការធ្វើតេស្តតែមួយគត់ ដែលគ្រាប់បែកបរមាណូ ត្រូវបានបំផ្ទុះក្រោយបាញ់ចេញពីកាំភ្លើងធំ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែមីនា ឆ្នាំ២០១៩។
Trinity គឺជាអាវុធនុយក្លេអ៊ែរដំបូងគេបង្អស់នៅលើពិភពលោក ដែលត្រូវបានបំផ្ទុះ និងធ្វើតេស្តដោយយោធាអាមេរិកនៅវាលខ្សាច់ Jornada del Muerto ក្នុងរដ្ឋ New Mexico នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ១៩៤៥។ ការធ្វើតេស្តអាវុធនុយក្លេអ៊ែរនេះ បានកើតចេញពីគម្រោង Manhattan Project ដែលជាកម្មវិធីសម្ងាត់របស់អាមេរិក ក្នុងអំឡុងសម័យសង្រ្គាមលោកលើកទីពីរ ដើម្បីផលិត និងធ្វើតេស្តគ្រាប់បែកបរមាណូឲ្យបានមុនពួក Nazi អាល្លឺម៉ង់ ខណៈអ្នកវិទ្យាសាស្រ្តឆ្នើមៗនៃកម្មវិធីនោះបានរត់មកពីអាល្លឺម៉ង់ផ្ទាល់តែម្តង។
កម្លាំងផ្ទុះនៃគ្រាប់បែកបរមាណូ Trinity គឺស្មើនឹងម៉្សៅរំសេវ TNT ទម្ងន់ ២២,០០០តោនផ្ទុះក្នុងពេលតែមួយ។ ដោយសារតែការធ្វើតេស្តជោគជ័យ សហរដ្ឋអាមេរិកបានដឹកគ្រាប់បែកបរមាណូ ០២គ្រាប់ ទៅភាគខាងលិចមហាសមុទ្រប៉ាស៊ីហ្វិក ជាទីដែលពួកវាត្រូវបានទម្លាក់ទៅលើទីក្រុង Hiroshima និង Nagasaki នៃប្រទេសជប៉ុនកាលពីថ្ងៃទី០៦ ខែសីហា និងថ្ងៃទី០៩ ខែសីហា ឆ្នាំ១៩៤៥ ដែលបានផ្តាច់ជីវិតមនុស្សប្រហែល ១៣៥,០០០នាក់ និងបង្ខំឲ្យជប៉ុនចុះចាញ់សង្រ្គាម។
សម្រាប់ការធ្វើតេស្តលើកទីពីរនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៥៣ បានបង្ហាញពីការធ្វើតេស្ត Upshot-Knothole Grable ដែលជាការសាកល្បងតែមួយលើកគត់ នៃកាំភ្លើងធំបាញ់គ្រាប់បែកនុយក្លេអ៊ែរ។ ប៉ុន្តែកាមេរ៉ានៅក្នុងឃ្លីបវីដេអូ ដែលត្រូវបានស្តារ (បង្កើនគុណភាព) ទៅជាកម្រិតខ្ពស់ HD នេះ មិនបានផ្តោតទៅលើទិដ្ឋភាពនៃបន្ទុះបរមាណូផ្ទាល់ឡើយ តែវាធ្វើឡើងចំពោះឥទ្ធិពលនៃគ្រាប់បែកទៅលើវត្ថុផ្សេងៗ រួមមានរថយន្ត រថយន្តក្រុង និងតង់។
គួរជម្រាបថា សហរដ្ឋអាមេរិក គឺជាប្រទេសតែមួយគត់ ដែលបានប្រើប្រាស់គ្រាប់បែកបរមាណូនៅលើសមរភូមិ ហើយជប៉ុនក៏ជាប្រទេសតែមួយគត់លើលោក ដែលបានទទួលរងការវាយប្រហារ ដោយអាវុធបរមាណូផងដែរ៕