(វ៉ាស៊ីនតោន)៖ ក្រសួងការបរទេសអាមេរិក បានលុបចោលការផ្ដល់ទិដ្ឋការ ដល់មន្ត្រីរដ្ឋាភិបាលវេណេស៊ុយអេឡា និងសាច់ញាតិរបស់ពួកគេ ២៥០នាក់ ដោយសារតែអ្នកទាំងនេះនៅតែបន្តគ្រាំទ្រលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ។ នេះបើតាម អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែមីនា ឆ្នាំ២០១៩។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានដ៏ខ្លីមួយ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក រ៉ូប៊ឺត ផល្លាឌីណូ (Robert Palladino) បានគូសបញ្ជាក់យ៉ាងដូច្នេះថា «មកទល់នឹងពេលបច្ចុប្បន្នយើងបានលុបចោលការផ្ដល់ទិដ្ឋការដល់មនុស្ស ២៥០នាក់ ហើយការលុបចោលទិដ្ឋាការពីមនុស្ស ៧៧នាក់ ដែលស្និទ្ធនឹងលោក ម៉ាឌូរ៉ូ ដែលលើកឡើងដោយលោកអនុប្រធានាធិបតី ម៉ៃក៍ ភែន (Mike Pence) កាលពីថ្ងៃពុធ ក៏រាប់បញ្ចូលក្នុងចំនួនមនុស្ស ២៥០នាក់នេះដែរ»។
គួរបញ្ជាក់ថា សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មជាបន្តបន្ទាប់ ប្រឆាំងនឹងរដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ ដោយកាលពីខែមករាកន្លងទៅ ទីក្រុងវ៉ាស៊ីនតោនបានបង្កកទ្រព្យសម្បត្តិជាង ៧ពាន់លានដុល្លារ ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនប្រេងរដ្ឋវេណេស៊ុយអេឡា PDVSA។ មិនតែប៉ុណ្ណោះ បេសកជនពិសេសអាមេរិកទទួលបន្ទុក កិច្ចការវេណេស៊ុយអេឡាក៏បានព្រមាន ដែរថា សហរដ្ឋអាមេរិកនឹងមិនកំណត់ការដាក់ទណ្ឌកម្មប្រឆាំងតែទៅលើរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ នោះទេ ពោលគឺទណ្ឌកម្មអាចនឹងពង្រីកដល់បណ្ដាប្រទេសទាំងឡាយណា ដែលគាំទ្ររបបដឹកនាំទីក្រុងការ៉ាកាស់តែម្ដង៕