(ប៊ែរឡាំង)៖ រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក ហៃកូ ម៉ាអាស (Heiko Maas) បាននិយាយថា វត្តមានរបស់មន្ត្រីទូតបរទេសជាច្រើននាក់ ក្នុងនោះរួមមានទាំងអគ្គរដ្ឋទូតអាល្លឺម៉ង់នៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងការ៉ាកាស់កាលពីថ្ងៃចន្ទ គឺជាមូលហេតុមួយដែល មេបក្សប្រឆាំងលោក Guaido មិនត្រូវបានអាជ្ញាធរវេណេស៊ុយអេឡាចាប់ខ្លួន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅព្រឹកថ្ងៃសុក្រ ទី០៨ ខែមីនា ឆ្នាំ២០១៩។
លោក Heiko Maas ធ្វើការកត់សម្គាល់បែបនេះ បន្ទាប់ពីរដ្ឋាភិបាលរបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ បានបណ្ដេញអគ្គរដ្ឋទូតអាល្លឺម៉ង់ លោក ដានីញែល គ្រីណែ (Daniel Kriener) ចេញពីប្រទេសដោយចោទថា លោកបានលូកដៃចូលកិច្ចការផ្ទៃក្នុងរបស់វេណេស៊ុយអេឡា និងរំលោភលើបទដ្ឋានទំនាក់ទំនងការទូត។ ការសម្រេចចិត្តនេះទៀតសោត ធ្វើឡើងក្រោយលោក Kriener បានចូលរួមជាមួយមន្ត្រីទូតអឺរ៉ុបជាច្រើននាក់ទៀត ទៅទទួលស្វាគមន៍ការធ្វើមាតុភូមិនិវត្តន៍របស់លោក Guaido។
គួរជម្រាបថា លោក Heiko Maas បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ហើយថា ការគំាទ្ររបស់អឺរ៉ុបចំពោះលោក Guaido នឹងមិនផ្លាស់ប្ដូរឡើយ។ ដោយឡែកក្រោយពីហេតុការណ៍នោះកើតឡើង រដ្ឋាភិបាលលោក ម៉ាឌូរ៉ូ បានប្រកាសទុកពេល ៤៨ម៉ោង ឲ្យមន្ត្រីទូតអាល្លឺម៉ង់វេចបង្វិចចេញពីប្រទេសអាមេរិកឡាទីនមួយនេះ ដោយសារតែមន្ត្រីទូតតំណាងទីក្រុងប៊ែរឡាំងបានបង្ហាញជំហរគាំទ្រច្បាស់ក្រឡែតតែម្តង ចំពោះបក្សប្រឆាំងវេណេស៊ុយអេឡា៕