(គូឡាឡាំពួរ)៖ ថ្ងៃសុក្រនេះ គឺជាថ្ងៃរំលឹកខួប០៥ឆ្នាំ នៃការបាត់ខ្លួនដោយអាថ៌កំបាំងរបស់យន្ដហោះ Boeing 777 ជើងហោះហើរ MH370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ នៅឯភាគខាងត្បូងមហាសមុទ្រឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ABC News នៅថ្ងៃសុក្រ ទី០៨ ខែមីនា ឆ្នាំ២០១៩។
ជើងហោះហើរ MH370 បានបាត់ខ្លួនដោយអាថ៌កំបាំង ហើយវាបានក្លាយជាសោកនាដកម្មដ៏ធំមួយ នៅក្នុងវិស័យអាកាសចរណ៍ស៊ីវិល ហើយមកទល់ពេលនេះ ក៏ពុំទាន់មានការបញ្ជាក់ពីមូលហេតុបាត់ខ្លួននេះដែរ បើទោះជាបំណែកយន្ដហោះជាច្រើន ត្រូវបានគេប្រទះឃើញក៏ដោយ។
យ៉ាងណាក៏ដោយ នាឱកាសខួប០៥ឆ្នាំនៃការបាត់យន្តហោះ MH370 នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មហាធៀ មហាម៉េដ (Mahathir Mahamad) បានសន្យាថានឹងបន្តការស្វែងរកយន្តហោះ ដើម្បីទម្លាយភាពអាថ៌កំបាំងនៅពីក្រោយករណីនេះ ឲ្យបាន។ ថ្លែងជាលើកដំបូងនៅចំពោះមុខវត្តមាននៃគ្រួសារសាច់ញាតិជនរងគ្រោះ នៅក្នុងសប្ដាហ៍នេះលោកនាយករដ្ឋមន្រ្តី ម៉ាឡេស៊ីបានលើកឡើងដូច្នេះថា «ដរាបណាក្តីសង្ឃឹមនៅតែមាន យើងនឹងបន្តរិះរកវិធីសាស្រ្ត និងមធ្យោបាយ ដើម្បីរកឲ្យឃើញការពិតអំពីជោគវាសនានៃយន្តហោះនេះ»។ លោក Mahathir បានបន្តថា «ការបាត់បង់យន្តហោះគឺជារឿងមួយ តែការបាត់បង់មនុស្សគឺជារឿងផ្សេងទៀត ព្រោះថាអ្នកមិនអាចគេងលក់ស្រួលឡើយ ដោយសារការគិតពីអ្វីដែលបានកើតឡើង ហើយអ្នកនៅបន្តសួរខ្លួនឯងនូវសំណួរមួយនេះ តែអ្នកគ្មានចម្លើយនោះទេ»។
គួររំលឹកថា កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០១៤ ជើងហោះហើរ MH370 ដឹកអ្នកដំណើរ និងក្រុមសហសេវិក ២៣៩នាក់ ភាគច្រើនជាជនជាតិចិន បានបាត់ចេញពីប្រព័ន្ធរ៉ាដា ក្រោយហោះចេញពីទីក្រុងគូឡាឡាំពួរ ឆ្ពោះទៅកាន់ទីក្រុងប៉េកាំង។
កន្លងទៅប្រតិបត្តិការរុករកទ្រង់ទ្រាយធំយ៉ាងតិចចំនួន ០២ ត្រូវបានធ្វើឡើងដើម្បីតាមស្វែងរកយន្តហោះ MH370 ក្នុងនោះ រួមមានប្រតិបត្តិការផ្លូវការ ដែលប្រព្រឹត្តទៅក្រោមការដឹកនាំរបស់អាជ្ញាធរម៉ាឡេស៊ី ចិន និងអូស្រ្តាលី ហើយត្រូវបានបញ្ឈប់កាលពីខែមករា ឆ្នាំ២០១៧ ក្រោយចំណាយលុយប្រមាណ ១៥០លានដុល្លារ និងពុំមានលទ្ធផលគួរឲ្យកត់សម្គាល់អ្វី។
រីឯមួយទៀតគឺត្រូវបានធ្វើឡើងក្រោមគោលការណ៍រកឃើញ ទើបទទួលបានថវិកា ដោយក្រុមហ៊ុនឯកទេសផ្នែករុករកផ្លូវសមុទ្រ Ocean Infinity របស់សហរដ្ឋអាមេរិក ដែលបានបញ្ចប់ទៅកាលពីឆ្នាំមុន ក្រោយចំណាយពេល ៩០ថ្ងៃ អង្កេតមើលផ្ទៃទឹកទំហំ១១២,០០០គីឡូម៉ែត្រក្រឡានៅភាគខាងត្បូងមហាសមុទ្រឥណ្ឌា ប៉ុន្តែសុទ្ធតែពុំបានផ្តល់តំរុយអ្វីដូចគ្នា ដើម្បីអាចនាំទៅរកការបំបែកករណីបាត់យន្តហោះដែលពោរពេញទៅដោយអាថ៌កំបាំងនេះឡើយ៕