(ព្យុងយ៉ាង)៖ កូរ៉េខាងជើងនៅថ្ងៃព្រហស្បតិ៍នេះ បានចេញមុខថ្កោសទោសចំពោះការធ្វើសមយុទ្ធយោធារួមគ្នាថ្មី រវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងសេអ៊ូល ដោយថាវាផ្ទុយពីកិច្ចប្រឹងប្រែងដើម្បីឆ្ពោះទៅរកការកសាងសន្តិភាពនៅតំបន់ឧបទ្វីបកូរ៉េ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០១៩។
កាលពីថ្ងៃអាទិត្យ សហរដ្ឋអាមេរិកនិងកូរ៉េខាងត្បូងបានឯកភាពគ្នាយក ការធ្វើសមយុទ្ធយោធាថ្មីមានឈ្មោះថា Dong Maeng (Alliance) ដែលបានចាប់ផ្តើមកាលពីដើមសប្តាហ៍នេះ ជំនួសឲ្យសមយុទ្ធទ្រង់ទ្រាយធំចំនួន០២ គឺ Foal Eagle និង Key Resolve ដែលតែងប្រារព្ធឡើងរួមគ្នាក្នុងចន្លោះខែមីនានិងមេសាជារៀងរាល់ឆ្នាំ។ ការសម្រេចធ្វើបែបនេះ គឺដើម្បីបន្តបន្ធូរបន្ថយភាពតានតឹងជាមួយកូរ៉េខាងជើង។
ក៏ប៉ុន្តែទីភ្នាក់ងារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានព្រមានថា សមយុទ្ធយោធាថ្មីដែលមានរយៈពេលខ្លីត្រឹមតែ០៩ថ្ងៃនេះ គឺផ្ទុយក៏ដូចជាប្រឆាំងនឹងកិច្ចប្រឹងប្រែងស្វែងរកសន្តិភាពព្រមទាំងស្ថិរភាពនៅឧបទ្វីបកូរ៉េ។ KCNA បានលើកឡើងដូច្នេះថា «សកម្មភាពគួរឲ្យសង្ស័យរបស់យោធាអាមេរិកនិងកូរ៉េខាងត្បូង គឺជាការរំលោភលើសេចក្តីថ្លែងការណ៍រួមរវាងទីក្រុងវ៉ាស៊ីនតោននិងទីក្រុងព្យុងយ៉ាង ព្រមទាំងសេក្តីប្រកាសកូរ៉េខាងត្បូង-កូរ៉េខាងជើង ដែលបានប្តេជ្ញារួមគ្នាឆ្ពោះទៅរកការបញ្ចប់សកម្មភាពបង្កហេតុនានា និងបន្ធូរបន្ថយភាពតានតឹងផ្នែកយោធា»។
គួរជម្រាបថា វត្តមានកងទ័ពអាមេរិកជិត៣០,០០០នាក់ដែលឈរជើងនៅកូរ៉េខាងត្បូង និងការធ្វើសមយុទ្ធយោធាប្រចាំរបស់ពួកគេជាមួយកងទ័ពកូរ៉េខាងត្បូងរាប់សែននាក់ តែងតែបានធ្វើឲ្យកូរ៉េខាងជើងរង្គាសចិត្តនៅមិនសុខជាខ្លាំង ដោយទីក្រុងព្យុងយ៉ាងបានថ្កោលទោសទង្វើទាំងនេះថា គឺជាការហាតសមដើម្បីឈ្លានពានលើខ្លួននាថ្ងៃណាមួយ៕