(អ៊ីស្លាម៉ាបាដ)៖ ខណៈធ្លាប់តែមានគេបួងសួងឲ្យជួបតែសំណាងល្អ ស្រាប់តែការបន់ស្រន់របស់បុរសម្នាក់នៅប៉ាគីស្ថាន បានបណ្តាលឲ្យអ្នកឯទៀតនៅលើយន្តហោះមិនថា ជាអ្នកដំណើរឬក៏ក្រុមសហសេវិកឡើយ មានការព្រួយបារម្ភជាខ្លាំងរហូតបង្ខំឲ្យពីឡុត ជូនដំណឹងទៅកាន់ផ្នែកសន្តិសុខនៃអាកាសយានដ្ឋានជាបន្ទាន់ ដែលក្រោយមកបានទៅនាំខ្លួនអ្នកដំណើរខុសគេម្នាក់នោះឲ្យចុះចេញពីយន្តហោះ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅយប់ថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០១៩។
ហេតុការណ៍ខាងលើបានកើតឡើងនៅឯអាកាសយានដ្ឋានអន្តរជាតិអ៊ីស្លាម៉ាបាដនៃប្រទេសប៉ាគីស្ថាន ដោយបុរសម្នាក់ត្រូវបានសន្តិសុខនាំខ្លួនចុះចេញពីលើយន្តហោះ ដែលបុរសម្នាក់នោះត្រូវជិះធ្វើដំណើរ បន្ទាប់ពីលោកបានចាប់ផ្តើមធ្វើការបន់ស្រន់សុំឲ្យយន្តហោះនោះធ្លាក់ក្នុងពេលហោះហើរ ជាហេតុបង្កឲ្យអ្នកមានការភ័យព្រួយជាខ្លាំង ក្នុងចំណោមអ្នកដំណើរដទៃទៀតរួមទាំងអ្នកបម្រើការលើយន្តហោះ និងញ៉ាំងអាកាសយានិកទាក់ទងទៅកាន់សន្តិសុខព្រលានយន្តហោះជាប្រញាប់។
គួរជម្រាបថា ជើងហោះហើរខាងលើមានគោលដៅឆ្ពោះទៅកាន់ទីក្រុងឌូបៃនៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម។ ដោយឡែក មិនមានការបញ្ជាក់ច្បាស់នោះទេថា តើជើងហោះហើរនេះត្រូវបានលុបចោល ឬក៏ចេញដំណើរឆ្ពោះទៅគោលដៅជាធម្មតានោះ៕