(បាងកក)៖ នៅទីបំផុតតុលាការធម្មនុញ្ញនៃព្រះរាជាណាចក្រថៃ បានសម្រេចឲ្យមានការរំលាយគណបក្សថៃរក្សាជាតិជាតិ (Thai Raksa Chart) ហើយ បន្ទាប់ពីទទួលបានពាក្យបណ្តឹងពីគណៈកម្មការបោះឆ្នោតជាតិថៃ កាលពីប៉ុន្មានសប្តាហ៍មុននេះ ពាក់ព័ន្ធការតែងតាំងព្រះនាងម្ចាស់ អ៊ុបុលរតនា (Ubolratana) ដែលត្រូវជាព្រះរាមរបស់ព្រះមហាក្សត្រថៃបច្ចុប្បន្ន ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីតំណាងបក្ស ដើម្បីប្រកួតប្រជែងការបោះឆ្នោតសកល នៅចុងខែមីនានេះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នាល្ងាចថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០១៩។
ចៅក្រមទាំង ០៩រូប នៃតុលាការធម្មនុញ្ញថៃបានបោះឆ្នោតជាឯកច្ឆ័ន្ទ សម្រេចឲ្យមានការរំលាយគណបក្សខាងលើនេះ ដោយសារតែការតែងតាំងព្រះនាងម្ចាស់ Ubolratana ធ្វើជាបេក្ខជននាយករដ្ឋមន្ត្រីតំណាងបក្ស ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតសកលមិនធ្លាប់តាំងពីឆ្នាំ២០១៤ នៅថ្ងៃទី២៤ ខែមីនា ខាងមុខនេះ។ ទោះបីជាបក្សថៃរក្សាជាតិបានសម្រេចលុបព្រះនាមរបស់ទ្រង់ចេញពីបេក្ខភាពបក្សក្តី ក៏ទង្វើនេះត្រូវបានមហាជនថៃ និងគណបក្សនយោបាយមួយចំនួនទៀតចាត់ទុកថា ជាការបំពានកត្តិនាមនៃសែរាជវង្សដែលមិនអាចត្រូវលើកលែងទោសឲ្យបាននោះឡើយ។
គួរបញ្ជាក់ថា ការសម្រេចចិត្តរបស់តុលាការធម្មនុញ្ញថៃខាងលើនេះ ត្រូវបានធ្វើឡើងតបតាមពាក្យបណ្តឹងពីគណៈកម្មការបោះឆ្នោតជាតិថៃ ដែលបានស្នើតុលាការឲ្យរំលាយបក្សថៃរក្សាជាតិចោលតែម្តង បន្ទាប់ពីការសម្តែងការមិនពេញចិត្តពីគណបក្សគាំទ្ររបបយោធា និងពីព្រះមហាក្សត្រថៃព្រះបាទ មហា វ៉ាច្ឆរ៉ាឡុងកន ផ្ទាល់តែម្តង។ ក្រៅពីការរំលាយបក្សចោល រាល់សមាជិកបក្សនេះទាំងអស់ចំនួន ១៣រូប ក៏ត្រូវបានរារាំងមិនឲ្យធ្វើនយោបាយរយៈពេល ១០ឆ្នាំថែមទៀតផង៕