(ម៉ូស្គូ)៖ ក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេរបស់រុស្ស៊ី MTS នៅថ្ងៃព្រហស្បតិ៍នេះបានឱ្យដឹងថា ខ្លួនយល់ព្រមបង់ប្រាក់ «៨៥០លានដុល្លារអាមេរិក» ដើម្បីបិទបញ្ចប់សំណុំរឿងពុករលួយមួយ ដែលក្រោមការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងការបង់ប្រាក់សំណូកឱ្យគ្រួសារអតីតប្រធានាធិបតី អ៊ូបេគីស្ថាន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន France 24 នៅល្ងាចថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០១៩។
ករណីពុករលួយនេះ បានកើតឡើងនៅក្រោមការដឹកនាំរបស់អតីតប្រធានាធិបតីអ៊ូបេគីស្ថាន លោក អ៊ីស្លេម ការីម៉ូវ (Islam Karimov) ពីឆ្នាំ១៩៨៩ រហូតដល់លោកទទួលមរណភាពនៅឆ្នាំ២០១៦។ ក្រុមហ៊ុន MTS មានមូលដ្ឋាននៅទីក្រុងម៉ូស្គូ និងត្រូវបានចុះបញ្ជីក្នុងទីផ្សារហ៊ុនញូយ៉ក (New York Stock Exchange) ក៏បានបញ្ជាក់ដែរផ្អែកលើការបង់ប្រាក់ខាងលើ ហើយការស៊ើបអង្កេតរបស់សហរដ្ឋអាមេរិកនឹងត្រូវបិទបញ្ចប់។
គួរបញ្ជាក់ថា បើតាមអាជ្ញាធរអាមេរិក ក្រុមហ៊ុន MTS បានបង់ប្រាក់សំណូកឱ្យមន្ត្រីអ៊ូបេគីស្ថានម្នាក់ ដែលមានទំនាក់ទំនងជាមួយលោក Karimov ក្នុងគោលបំណងអាចប្រតិបត្តិការមុខជំនួញរបស់ខ្លួននៅក្នុងប្រទេសអ៊ូបេគីស្ថាន ដែលមានប្រជាជនច្រើនជាង ៣២លាននាក់៕