(ប៉េកាំង)៖ នៅថ្ងៃព្រហស្បតិ៍នេះ ក្រុមហ៊ុន Huawei បានប្រកាសថា ខ្លួនបានដាក់ពាក្យបណ្តឹងទៅតុលាការសហព័ន្ធសហរដ្ឋអាមេរិក ប្រឆាំងនឹងធម្មនុញ្ញភាពនៃមាត្រា 889 នៃច្បាប់អនុញ្ញាតការពារជាតិឆ្នាំ 2019 (NDAA) ។ តាមរយៈសកម្មភាពនេះ ក្រុមហ៊ុន Huawei ស្វែងរកសាលក្រមប្រកាសថា ការដាក់កំហិតទៅលើក្រុមហ៊ុន Huawei គឺមិនសមស្របតាមរដ្ឋធម្មនុញ្ញ និងការបង្គាប់បញ្ជាជាអចិន្ត្រៃយ៍ប្រឆាំងនឹងការរឹតត្បិតទាំងនេះ។ នេះបើតាមសេចក្តីប្រកាសជាផ្លូវការរបស់ Huawei នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០១៩។
លោក ហ្គូវ ភីង (Guo Ping) ប្រធានប្តូរវេននៃក្រុមហ៊ុន Huawei បានថ្លែងថា «សភាសហរដ្ឋអាមេរិកបានបរាជ័យ ក្នុងការបង្កើតភស្តុតាងដើម្បីគាំទ្រការរឹតបន្តឹងរបស់ខ្លួន ចំពោះផលិតផលរបស់ក្រុមហ៊ុន Huawei ។ យើងត្រូវបានបង្ខំឱ្យចាត់វិធានការផ្លូវច្បាប់នេះ ជាមធ្យោបាយត្រឹមត្រូវ និងចុងក្រោយ»។ លោកបានបន្ថែមទៀតថា «ការហាមឃាត់នេះ មិនត្រឹមតែជាអំពើខុសច្បាប់ប៉ុណ្ណោះទេ បវាក៏ជាការហាមឃាត់ក្រុមហ៊ុន Huawei មិនឱ្យចូលរួមប្រកួតប្រជែងដោយយុត្តិធម៌ ដែលធ្វើឱ្យប៉ះពាល់ដល់អតិថិជនអាមេរិកផងដែរ។ យើងទន្ទឹងរង់ចាំសាលក្រមរបស់តុលាការ ហើយជឿជាក់ថា វានឹងផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុន Huawei និងប្រជាជនអាមេរិក»។
ពាក្យបណ្តឹងនេះត្រូវបានដាក់នៅកាន់តុលាការទីក្រុង ផ្លេណូ (Plano) នៃរដ្ឋតិចសាស់។ យោងទៅតាមពាក្យបណ្តឹងនេះ មាត្រា 889 នៃ NDAA 2019 គឺមិនត្រឹមតែរារាំងភ្នាក់ងាររបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកទាំងអស់ ពីការទិញឧបករណ៍ និងសេវាកម្មរបស់ក្រុមហ៊ុន Huawei ប៉ុណ្ណោះទេ ថែមទាំងរារាំងពួកគេមិនឱ្យចុះកិច្ចសន្យាជាមួយ ឬផ្តល់ជំនួយ ឬប្រាក់កម្ចីដល់ភាគីទីបីដែលទិញឧបករណ៍ ឬសេវាកម្មរបស់ក្រុមហ៊ុន Huawei ដោយគ្មានដំណើរការ ឬនីតិវិធីតុលាការផងដែរ។
វាក៏បារំលោភលើគោលការណ៍នៃបែកចែកអំណាច ដែលបានដាក់តម្កល់នៅក្នុងរដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិកផងដែរ ពីព្រោះសភាបង្កើតច្បាប់ហើយព្យាយាមធ្វើការវិនិច្ឆ័យ និងកាត់សេចក្តីតែម្តង។ លោក សុង លីវភីង (Song Liuping) ប្រធានផ្នែកច្បាប់របស់ក្រុមហ៊ុន Huawei បានសង្កត់ធ្ងន់ថា «មាត្រា 889 គឺផ្អែកលើការណ៍មិនពិតជាច្រើន មិនមានភស្តុតាង និងមិនទាន់ផ្ទៀងផ្ទាត់ឲ្យបានច្បាស់លាស់ទាល់តែសោះ។ ផ្ទុយពីបរិយាកាសរបស់ច្បាប់ ក្រុមហ៊ុន Huawei មិនត្រូវបានគ្រប់គ្រង ឬរងឥទ្ធិពលពីសំណាក់រដ្ឋាភិបាលចិនទេ។ លើសពីនេះទៀត ក្រុមហ៊ុន Huawei មានកំណត់ត្រាប្រព័ន្ធសុវត្ថិភាព និងកម្មវិធីល្អបំផុត។ មិនមានភស្តុតាងផ្ទុយពីច្បាប់ណាមួយ ដែលត្រូវបានរកឃើញឡើយ»។
លោក ចន ស៊ូហ្វហ្វូក (John Suffolk) បុគ្គលិកផ្នែកសុវត្ថិភាពតាមអ៊ីនធឺណេតនៃក្រុមហ៊ុន Huawei បានបន្ថែមថា «យើងមានមោទនភាពដែលយើងជាក្រុមហ៊ុនបើកចំហ មានតម្លាភាព បានទទួលការគាំទ្រ និងមានការចាប់អារម្មណ៍បំផុតនៅក្នុងពិភពលោក ហើយយើងបានបង្កើតប្រព័ន្ធសុវត្ថិភាពដែលមានស្តង់ដារខ្ពស់មួយ ដែលមានតែក្រុមហ៊ុនតែប៉ុន្មានប៉ុណ្ណោះដែលអាចធ្វើបាន»។
សម្រាប់ Huawei ការដាក់កំហិតដែលបានចែងនៅក្នុង NDAA គឺបានរារាំងក្រុមហ៊ុនពីការផ្គត់ផ្គង់បច្ចេកវិទ្យា 5G ឈានមុខគេដល់ប្រជាជនអាមេរិក ដែលការដាក់កំហិតនេះនឹងពន្យារពេល ដល់ការដាក់ឲ្យដំណើរការបច្ចេកវិទ្យា 5G ហើយនិងរារាំងដល់កិច្ចខិតខំប្រឹងប្រែង ដើម្បីកែលម្អដំណើរការបច្ចេកវិទ្យា 5G នៅសហរដ្ឋអាមេរិកទៀតផង។
លើសពីនេះទៅទៀត អ្នកប្រើប្រាស់បណ្តាញសេវានៅតំបន់ជនបទ និងតំបន់ដាច់ស្រយាលនៅអាមេរិក នឹងត្រូវបង្ខំឲ្យជ្រើសរើសរវាងជំនួយផ្នែកហរិញ្ញវត្ថុរបស់រដ្ឋាភិបាល និងផលិតផលដែលមានគុណភាពខ្ពស់ តែមានតម្លៃសមរម្យ។ សកម្មភាពនេះ នឹងធ្វើឲ្យរាំងស្ទះដល់ដំណើរការ ក្នុងការធ្វើឲ្យបណ្តាញសេវាកាន់តែល្អប្រសើរ ក៏ដូចជាការពង្រីកវិសាលភាព នៃបច្ចេកវិទ្យាឌីជីថល។ កាន់តែអាក្រក់ជាងនេះទៅទៀត ការដាក់កំហិតទាំងនេះលើក្រុមហ៊ុន Huawei នឹងធ្វើឲ្យការប្រកួតប្រជែងកាន់តែមានភាពតានតឹង ដែលធ្វើឲ្យប្រជាជនអាមេរិកត្រូវចំណាយកាន់តែច្រើន លើផលិតផលដែលមិនសូវមានគុណភាពខ្ពស់។
ការប៉ាន់ស្មានពីប្រភពជាច្រើននៅក្នុងឧស្សាហកម្មនេះបានបង្ហាញថា ការអនុញ្ញាតឲ្យ Huawei ហក់ចូលក្នុងការប្រកួតប្រជែង និងអាចកាត់បន្ថយតម្លៃក្នុងការកសាង ហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាទំនាក់ទំនងឥតខ្សែពី 15% ទៅ 40% ឯណោះ។ នេះអាចជួយអាមេរិកខាងជើង សន្សំការចំណាយបានយ៉ាងហោចណាស់ក៏ 20 ពាន់លានដុល្លាដែរនៅក្នុងរយៈពេលបួនឆ្នាំខាងមុខ។
លោក Guo Ping បានបន្ថែមទៀតថា «ប្រសិនបើច្បាប់នេះត្រូវបានគេច្រានចោល ក្រុមហ៊ុន Huawei អាចនឹងនាំមកនូវបច្ចេកវិទ្យាឈានមុខកាន់តែច្រើនទៅកាន់អាមេរិក និងជួយកសាងបណ្តាញសេវា 5G បានយ៉ាងល្អជាទីបំផុត។ ក្រុមហ៊ុន Huawei មានបំណងចង់ជួយដោះស្រាយរាល់ការព្រួយបារម្ភទាំងឡាយ របស់រដ្ឋាភិបាលលើបញ្ហាសន្តិសុខ។ ការលើកលែងលើបម្រាមដែលមាននៅក្នុង NDAA នឹងធ្វើឲ្យរដ្ឋាភិបាលអាមេរិកងាយស្រួល ក្នុងការធ្វើការជាមួយ Huawei និងដើម្បីដោះស្រាយបញ្ហាសន្តិសុខដ៏ពិតប្រាកដ»៕