(ស្រ៊ីណាហ្គា)៖ យ៉ាងហោចណាស់មនុស្សចំនួន ១៨នាក់បានរងរបួសនៅក្នុងការបំផ្ទុះមួយនាចំណងរថយន្តក្រុងក្នុងតំបន់កាស្មៀរ នៅក្នុងថ្ងៃព្រហស្បតិ៍នេះតែម្តង ខណៈដែលស្ថានការណ៍ជម្លោះរវាងប្រទេសឥណ្ឌា និងប៉ាគីស្ថាន ទើបបានធូរស្រាលបន្តិច។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០១៩។
អាជ្ញាធរឥណ្ឌាបានបញ្ជាក់ទៀតថា ការផ្ទុះខាងលើនេះគឺកើតមានឡើងនៅចំណតរថយន្តក្រុងដ៏សំខាន់បំផុតមួយនៅទីក្រុងចាំមូ (Jammu) នៃតំបន់កាស្មៀរប៉ែកខាងឥណ្ឌាគ្រប់គ្រង ប៉ុន្តែគេនៅមិនទាន់ដឹងពីជន ដែលស្ថិតនៅពីក្រោយទង្វើនេះឡើយ។ ព័ត៌មានបានបន្តទៀតថា មនុស្ស ១៨នាក់បានរងរបួសធ្ងន់ និងស្រាល ដោយពួកគេត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសម្រាកព្យាបាលរបួសគ្រប់ៗគ្នាហើយ នៅក្នុងតំបន់ខាងលើ។
គួរបញ្ជាក់ថា មនុស្សម្នាជាច្រើននាក់បានមកឈរកកុញប្រកបដោយភាពតក់ស្លុត នៅជុំវិញកន្លែងផ្ទុះ ខណៈកងកម្លាំងមានសមត្ថកិច្ចឥណ្ឌាជាច្រើននាក់ ត្រូវបានដាក់ពង្រាយនៅតំបន់នេះដើម្បីការពារសន្តិសុខ និងស៊ើបអង្កេតរកប្រភពគ្រឿងផ្ទុះ។ សម្រាប់ស្ថានការណ៍នៅតំបន់ព្រំដែនប៉ាគីស្ថាន និងឥណ្ឌាខាងលើនេះ គឺមិនទាន់មានភាពប្រសើរឡើងខ្លាំងនៅឡើយទេ ដោយភាគីទាំងសងខាងនៅតែមានការប្រុងប្រយ័ត្នខ្ពស់ជាប់ជានិច្ច៕