(ហាណូយ)៖ ជ្រួកជាច្រើនក្បាលនៅក្នុងខេត្ត ហាវប៊ិញ (Hoa Binh) នៃភាគខាងជើងប្រទេសវៀតណាម ត្រូវបានពេទ្យសត្វពិនិត្យឃើញមានផ្ទុកជំងឺផ្តាសាយជ្រូកអាហ្វ្រិក (ASF) ហើយពួកវាទាំងអស់ត្រូវបានយកទៅប្រហារជីវិតចោល ដើម្បីបង្កការការឆ្លង និងរីករាលដាល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ ដកស្រង់ចេញពីនាយកដ្ឋានកសិកម្ម និងអភិវឌ្ឍន៍បទនៃខេត្ត Hao Binh នារសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០១៩។
ការរីករាលដាលនៃជំងឺ ASF ត្រូវបានរកឃើញនៅក្នុងស្រុក លួងសុន (Luong Son) នៃខេត្ត Hoa Binh ដោយក្នុងនោះជ្រូកចំនួន ១៥ក្បាល ដែលត្រូវបានពិនិត្យឃើញថា មានផ្ទុកជំងឺប្រភេទនេះ ត្រូវបានក្រុមជំនាញវៀតណាមយកទៅសម្លាប់ចោល និងដុតបំផ្លាញយ៉ាងប្រយ័ត្នប្រយែងបំផុត ដើម្បីបង្ការការរីករាលដាលបន្ថែមទៀត។
ជុំវិញស្ថានការណ៍ខាងលើ នាយករដ្ឋមន្ត្រីវៀតណាមលោក ង្វៀន ហ្សួនហ្វុក (Nguyen Xuan Phuc) កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះបានបើកសន្និសីទមួយ ដើម្បីស្វែងរកវិធានការទប់ស្កាត់ការឆ្លង និងរីករាលដាលនៃជំងឺផ្តាសាយជ្រូកអាហ្វ្រិក ASF នៅក្នុងប្រទេស ហើយលោកក៏បានដាក់យុទ្ធសាស្ត្រមួយផងដែរ នោះគឺគ្រប់មជ្ឈដ្ឋានទាំងអស់ ទូទាំងប្រទេសត្រូវព្យាយាមកម្ចាត់ជំងឺនេះ ឲ្យដូចជាកម្ចាត់សម្រូវ។
គួរបញ្ជាក់ថា កសិដ្ឋានចិញ្ចឹមសត្វជ្រូកជាលក្ខណៈគ្រួសារ និងសហគមន៍ប្រមាណជាង ២០០កន្លែងហើយត្រូវបានអាជ្ញាធរវៀតណាមរកឃើញថា មានសត្វជ្រូកកើតជំងឺផ្តាសាយជ្រូកអាហ្វ្រិក ASF ដែលស្ថិតនៅតាមបណ្តាខេត្ត-ក្រុងភាគខាងជើងដូចជា ទីក្រុងហាណូយ, ទីក្រុងហៃផុង (Hai Phong), ខេត្តហាំងយេន (Hung Yen), ហៃឌុង (Hai Duong), ថៃប៊ិញ (Thai Binh), ហាណាំ (Ha Nam) ថាញ់ហ័រ (Thanh Hoa) និងខេត្តហាវប៊ិញ ចុងក្រោយនេះតែម្តង ខណៈសត្វជ្រូកជាង ៤,២០០ក្បាលហើយត្រូវបានកម្ទេចចោល៕