(ម៉ានីល)៖ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក មហាធៀ មហាម៉េដ (Mahathir Mohamed) បានធ្វើការព្រមានមួយចំពោះហ្វីលីពីននៅថ្ងៃព្រហស្បតិ៍នេះ ជុំវិញការដែលរដ្ឋាភិបាលលោកប្រធានាធិបតី រ៉ូទ្រីហ្គោ ឌូតឺតេ បានអនុញ្ញាតឲ្យមានលំហូរជនបរទេស (កម្មករចិន) ចូលមកក្នុងទឹកដីហ្វីលីពីន ព្រោះវាអាចធ្វើឲ្យប៉ះពាល់ដល់តុល្យភាពនយោបាយក្នុងប្រទេស និងបញ្ហាជាច្រើនទៀត។ នេះបើតាមការចេញផ្សាយដោយ Channel News Asia នារសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០១៩។
ការថ្លែងបែបព្រមានរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីខាងលើនេះ បានកើតមានឡើងស្របទៅនឹងកិច្ចប្រជុំមួយក្នុងព្រឹទ្ធសភាហ្វីលីពីន កាលពីពេលថ្មីៗកន្លងទៅនេះ ពាក់ព័ន្ធទៅនឹងលំហូរជនបរទេសយ៉ាងច្រើនចូលមកក្នុងប្រទេសហ្វីលីពីន ចាប់តាំងពីលោក ឌូតឺតេ បានឡើងកាន់តំណែងជាប្រធានាធិបតី កាលពីពាក់កណ្តាលឆ្នាំ២០១៦ ហើយលោកគឺជាមេដឹកនាំហ្វីលីពីនមួយរូបដែលបានទទួលការគាំទ្រខ្លាំង លើការបង្ក្រាបការរត់ពន្ធគ្រឿងញៀន និងក្រុមឧក្រិដ្ឋជនក្នុងប្រទេសអាស៊ានមួយនេះ ព្រមទាំងបានធ្វើឲ្យជម្លោះនៅតំបន់សមុទ្រចិនខាងត្បូងរវាងចិន និងហ្វីលីពីន មានសភាពធូរស្រាលឡើងវិញផងដែរ។
យ៉ាងណាក្តីប្រទេសម៉ាឡេស៊ី ដែលជាភាគីជម្លោះមួយដែរក្នុងសមុទ្រចិនខាងត្បូងនោះ បានបង្ហាញជំហរព្រមានចំពោះភាពស្និទ្ធស្នាលនៃរដ្ឋាភិបាលលោក ឌូតឺតេ ជាមួយនឹងទីក្រុងប៉េកាំង។ ការព្រមានរបស់លោក មហាធៀ ធ្វើឡើងកំឡុងពេលដែលលោកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសហ្វីលីពីន តាមរយៈកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានអាមេរិក នៅលើទឹកដីហ្វីលីពីនតែម្តង។ លោក មហាធៀ បានសង្កត់ធ្ងន់នាឱកាសនោះទៀតថា «ការអនុញ្ញាតឲ្យជនបរទេសមកនៅក្នុងប្រទេសច្រើនបែបនេះ វានឹងធ្វើឲ្យសេដ្ឋកិច្ចជាតិរងឥទ្ធិពល និងបង្កការរំខានដល់របត់នយោបាយនៅក្នុងប្រទេសហ្វីលីពីន...»៕