(រូម៉ានី)៖ រដ្ឋមន្ត្រីការពារជាតិរូម៉ានីលោក ហ្គាព្រីអ៊ែល ឡេស (Gabriel Les) បានប្រកាសថា នីតិវិធីទិញយន្ដហោះចម្បាំង F-16 ចំនួន ៣៦គ្រឿង បានចាប់ផ្ដើមដំណើរការជាផ្លូវការហើយ ដោយវាជាផលិតផលរបស់សហរដ្ឋអាមេរិក ក្នុងមួយគ្រឿងមានតម្លៃចន្លោះពី ១៤-១៨លានដុល្លារ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០១៩។
ថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋនៅថ្ងៃពុធសប្ដាហ៍នេះ លោក Gabriel បានបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងស្ថិតនៅក្នុងនិតិវិធីទិញយន្ដហោះ F-16 ចំនួន ១៦គ្រឿងបន្ថែមទៀត ដើម្បីជំនួសយន្ដហោះចម្បាំងស៊េរីចាស់ MiGs ដែលយើងមាន»។
គួរបញ្ជាក់ថា បច្ចុប្បន្នរូម៉ានីនៅតែបន្តរក្សាការចំណាយ លើកញ្ចប់ថវិកាយោធាក្នុងកម្រិតខ្ពស់ដដែល គឺ ០២ភាគរយនៃផលិតផលក្នុងស្រុកសរុប រយៈពេល ០៣ឆ្នាំជាប់ៗគ្នា ឱ្យស្របទៅតាមបទដ្ឋានស្ដង់ដាររបស់អង្គការណាតូ ឬដែលអាមេរិកចង់បាន។ ម្យ៉ាងវិញទៀត រូម៉ានីទទួលបានយន្ដហោះចម្បាំងកែច្នៃបន្ថែម F-16 ចំនួន ១២គ្រឿងពីប្រទេសព័រទុយហ្គាល់កាលពីឆ្នាំ២០១៦ ក្រោមកិច្ចសន្យាមានតម្លៃជាង ៧០០លានដុល្លារ៕