(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយថា លោកនឹងខកចិត្តចំពោះលោក គីម ជុងអ៊ុន ជាខ្លាំងប្រសិនបើសេចក្តីរាយការណ៍អំពីការសាងសង់ក៏ដូចជាជួសជុលឡើងវិញ នៅឯទីតាំងបាញ់គ្រាប់រ៉ុក្កែតមួយកន្លែង នៅប្រទេសកូរ៉េខាងជើងគឺជាការពិត។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន Channel News Asia នៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០១៩។
នាថ្ងៃអង្គារសប្តាហ៍នេះ (ពេលវេលានៅវ៉ាស៊ីនតោន) អង្គការអាមេរិកចំនួនពីរ និងទីភ្នាក់ងារព័ត៌មានកូរ៉េខាងត្បូង យុនហ៉ាប់បានរាយការណ៍ថា ការងារជួសជុលឡើងវិញនៃផ្នែកមួយចំនួននៅទីតាំងបាញ់គ្រាប់រ៉ុក្កែត សូហែ (Sohae) របស់ប្រទេសកូរ៉េខាងជើង ត្រូវបានធ្វើឡើងកាលពីចន្លោះពាក់កណ្តាលខែកុម្ភៈ និងដើមខែមីនា។ ទីក្រុងព្យុងយ៉ាង បានចាប់ផ្តើមកម្ទេចបញ្ឈរធ្វើតេស្តម៉ាស៊ីនមីស៊ីល នៅឯទីតាំងនោះកាលពីឆ្នាំមុន ក្រោយពីបានសន្យាធ្វើយ៉ាងដូច្នោះ ក្នុងអំឡុងជំនួបកំពូលលើកទីមួយជាមួយលោក ត្រាំ កាលខែមិថុនា ឆ្នាំ២០១៨។
ជុំវិញដំណឹងនេះលោក ដូណាល់ ត្រាំ បានឲ្យដឹងថា លោកនឹងខកបំណងជាខ្លាំងលើលោក គីម ជុងអ៊ុន បើវាជាការពិតមែន។ រីឯទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន (John Bolton) ក៏បានព្រមានផងដែរថា ទណ្ឌកម្មថ្មីៗទៀតនឹងត្រូវដាក់ចេញ ប្រសិនបើកូរ៉េខាងជើង មិនបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនទេនោះ។
គួរជម្រាបថា ភាពបរាជ័យនៃកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង កាលពីថ្ងៃទី២៧ និងទី២៨ ខែកុម្ភៈ នៅវៀតណាម បូករួមជាមួយការព្រមានទណ្ឌកម្មរបស់លោក Bolton ព្រមទាំងសេចក្តីរាយការណ៍ទាក់ទិននឹងការជួសជុល ទីតាំងបាញ់គ្រាប់រ៉ុក្កែតនេះថែមទៀត បានបង្កឲ្យមានមន្ទិលសង្ស័យ ចំពោះអនាគតនៃដំណើរការកិច្ចចរចាដែលរដ្ឋបាល លោក ត្រាំ បានខិតខំប្រឹងប្រែងបង្កើតឡើង ដើម្បីបញ្ចុះបញ្ចូលកូរ៉េខាងជើងឲ្យបោះចោលកម្មវិធីអាវុធនុយក្លេអ៊ែរ ដែលបង្កការគំរាមកំហែងដល់សហរដ្ឋអាមេរិក៕