(អង់ការ៉ា)៖ តួកគីមិនមែនជាទាសករដាច់ថ្លៃរបស់សហរដ្ឋអាមេរិកឡើយ ហើយមានសិទ្ធិពេញលេញ ក្នុងការទិញអាវុធពីបណ្ដាប្រទេសដទៃ ក្នុងនោះកុំថាឡើយប្រព័ន្ធមីស៊ីលការពារដែនអាកាស S-400 សូម្បីតែ S-500 ក៏តួកគីអាចនឹងពិចារណាទិញពីរុស្ស៊ីដែរ។ នេះបើតាមប្រធានាធិបតីតួកគី ដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០១៩។
ការលើកឡើងខាងលើរបស់ប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ ធ្វើឡើងក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍តួកគី Kanal 24 នៅថ្ងៃពុធសប្ដាហ៍នេះ និងជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ដែលបានព្រមានដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងអង់ការ៉ា ជុំវិញគម្រោងទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ីនោះ។
លោក អឺដូហ្គាន់ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងគឺជាប្រទេសឯករាជ្យ និងមិនមែនជាទាសកររបស់ប្រទេសណាមួយ... យើងមានសិទ្ធិពេញលេញក្នុងការជ្រើសរើសដៃគូពាណិជ្ជកម្ម និងអ្នកផ្គត់ផ្គង់អាវុធ... ហើយការជ្រៀតជ្រែកក្នុងការទិញប្រព័ន្ធមីស៊ីល S-400 អាចនឹងបង្ខំឱ្យតួកគីពិចារណាទិញ S-500 ដែលគ្រោងនឹងត្រូវដាក់ឲ្យដំណើរការសម្រាប់យោធារុស្ស៊ីនៅឆ្នាំ២០២០ ខាងមុខនេះ»។
គួរបញ្ជាក់ថា បច្ចុប្បន្នតួកគីកំពុងទទួលរងសម្ពាធ និងការព្រមានដាក់ទណ្ឌកម្មពីសហរដ្ឋអាមេរិក ជុំវិញគម្រោងទិញប្រព័ន្ធមីស៊ីល S-400 ពីរុស្ស៊ី។ មិនតែប៉ុណ្ណោះក្រុមមន្ត្រីអាមេរិកជាច្រើននាក់ ក៏បានក្រើនរំឮកទីក្រុងអង់ការ៉ាជាច្រើនដងផងដែរថា ទីក្រុងវ៉ាស៊ីនតោននឹងលុបចោលគម្រោងលក់យន្ដហោះចម្បាំង F-35 និងប្រព័ន្ធមីស៊ីល Patriot បើសិនជាមិនព្រមលុបចោលការទិញប្រព័ន្ធមីស៊ីលពីរុស្ស៊ីទេនោះ៕