(អង់ការ៉ា)៖ ទោះបីជាត្រូវបញ្ជាក់ប៉ុន្មានដងក៏ដោយ ក៏ប្រធានាធិបតីលោក តាយយីព អឺដូហ្គាន់ នៅតែអាចធ្វើបានបន្តទៀតទៅកាន់គ្រប់មជ្ឈដ្ឋានទាំងអស់ ដែលព្យាយាមជជីកសួររឿងនេះ ខណៈដែលសហរដ្ឋអាមេរិក និងអង្គការ NATO កំពុងតែរិះរកគ្រប់វិធីមិនលែងដើម្បីបង្ខំឲ្យតួកគីលុបចោលកិច្ចព្រមព្រៀងទិញប្រព័ន្ធមីស៊ីល S-400 ដែលបានចុះហត្ថលេខាជាមួយរុស្ស៊ីរួចបាត់ទៅហើយតាំងពីឆ្នាំ២០១៨នោះ។ នេះបើតាមការចេញផ្សាយដោយ Sputnik នាព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០១៩។
លោក អឺដូហ្គាន់ បានធ្វើការបញ្ជាក់ដដែលៗដូចខាងលើនេះ នៅក្នុងកិច្ចតស៊ូមតិមួយដែលរៀបចំឡើងក្នុងរដ្ឋធានីអង់ការ៉ា នៅមុខក្រុមមន្ត្រីដែលមានការព្រួយបារម្ភចំពោះសម្ពាធទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្ត NATO ដែលកាន់តែខ្លាំងឡើង ទៅលើរដ្ឋាភិបាលតួកគីដែលជាសមាជិកមួយដែលនៃអង្គការប្រឆាំងរុស្ស៊ីមួយនេះ។ ឆ្លើយតបជាថ្មីចុងក្រោយម្តងទៀតកាលពីល្ងាចថ្ងៃពុធ លោក អឺដូហ្គាន់ បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «វាបានចប់អស់ទៅហើយ... យើងគឺតួកគី... ជាប្រទេសឯករាជ្យមួយ ហើយក៏មិនមែនជាទាសកររបស់នរណា (ប្រទេស) នោះឡើយ... យើងបានចុះហត្ថលេខារួចហើយ ដោយវានឹងត្រូវបញ្ជូនមកប្រទេសយើងដំបូងនៅខែកក្កដា ខាងមុខនេះ...»។
គួរបញ្ជាក់ថា ការឆ្លើយតបរបស់លោក អឺដូហ្គាន់ សាជាថ្មីដែលគេមិនបានចាំជាលើកទីប៉ុន្មានទៅហើយនេះ គឺបានកើតមានឡើងក្រោយពីមេបញ្ជាការយោធាអាមេរិចប្រចាំតំបន់អឺរ៉ុប លោក ឃើធីស ស្កាផារ៉ូទី (Curtis Scaparrotti) បានលើកឡើងក្នុងកិច្ចប្រជុំមួយក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីដើមសប្តាហ៍នេះថា សហរដ្ឋអាមេរិកមិនគួរលក់យន្តហោះចម្បាំង F-35 ចំនួន ១០០គ្រឿង ឲ្យទៅប្រទេសតួកគីនោះទេ ប្រសិនបើតួកគីនៅតែពុំព្រមស្តាប់ហើយទិញយកប្រព័ន្ធមីស៊ីល S-400 ពីប្រទេសរុស្ស៊ី ព្រោះថាប្រព័ន្ធការពារដែនអាកាសនេះ គឺជាបញ្ហាសម្រាប់រាល់យន្តហោះចម្បាំងរបស់អាមេរិក ជាពិសេសគឺ F-35 តែម្តង៕