(ការ៉ាកាស់)៖ អាជ្ញាធរវេណេស៊ុយអេឡាបានដោះលែងអ្នកកាសែតអាមេរិក លោក Cody Weddle ឱ្យមានសេរីភាពវិញហើយ នៅល្ងាចថ្ងៃពុធសប្ដាហ៍នេះ បន្ទាប់ពីឃុំខ្លួនបានប៉ុន្មានម៉ោង។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០៧ ខែមីនា ឆ្នាំ២០១៩។
សារព័ត៌មាន Reuters ផ្អែកលើសេចក្ដីរាយការណ៍របស់ស្ថានីយទូរទស្សន៍អាមេរិក WPLG ដែលលោក Weddle កំពុងបម្រើការឱ្យ បានបញ្ជាក់ថាទៀតថាអ្នកកាសែតរូបនេះកំពុងស្ថិតនៅឯអាកាសយានដ្ឋានអន្តរជាតិទីក្រុងការ៉ាកាស់ ដើម្បីរង់ចំាជើងហោះហើរ ត្រឡប់ទៅសហរដ្ឋអាមេរិកវិញ។ ប៉ុន្តែស្ថានីយទូរទស្សន៍មួយនេះមិនបានបញ្ជាក់អ្វីលម្អិតនោះទេ។
គួរជម្រាបថា សហរដ្ឋអាមេរិកធ្លាប់បានព្រមានរដ្ឋាភិបាលរបស់លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ជាច្រើនដងថានឹងត្រូវជួប ផលវិបាកយ៉ាងធ្ងន់ធ្ងរបំផុត បើសិនជាហ៊ានធ្វើបាបមេបក្សប្រឆាំង លោក Juan Guaido និងពលរដ្ឋអាមេរិកណាម្នាក់៕