(អ៊ីស្លាម៉ាបាត)៖ អាជ្ញាធរប៉ាគីស្ថានបានឃុំខ្លួនជនសកម្មប្រយុទ្ធរាប់សិបនាក់ ជាប់សង្ស័យថាមានពាក់ព័ន្ធនឹងការវាយប្រហារបំផ្ទុះ គ្រាប់បែកអត្តឃាតផ្ដាច់ជីវិតកងកម្លាំងសន្តិសុខឥណ្ឌាច្រើនជាង ៤០នាក់ ក្នុងតំបន់កាស្មៀរកាលពីខែកុម្ភៈកន្លងទៅ ហើយការវាយប្រហារ នេះឯងគឺជាមូលហេតុនៅពីក្រោយភាពតានតឹងរវាងប្រទេសទាំង២នាពេលបច្ចុប្បន្ន។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩។

យោងតាមអាជ្ញាធប៉ាគីស្ថាន​ ជនសកម្មប្រយុទ្ធសង្ស័យ៤៤នាក់កំពុងជាប់ឃុំ។ ម្យ៉ាងទៀត ក្នុងចំណោមអ្នកទំាងនេះក៏មានបងប្អូនប្រុស និងសាច់ញាតិរបស់ Masood Azhar ដែលជាស្ថាបនិករបស់ក្រុមសកម្មប្រយុទ្ធ Jaish-e-Mohammad មានមូលដ្ឋាននៅលើទឹកដី ប៉ាគីស្ថាន ដែលអះអាងថាខ្លួនជាអ្នកនៅពីក្រោយការវាយប្រហារលើកងកម្លាំងសន្តិសុខឥណ្ឌានៅកាស្មៀរ។

គួររំលឹកថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ កងកម្លាំងសន្តិសុខឥណ្ឌាច្រើនជាង៤០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារបំផ្ទុះគ្រាប់បែក អត្តឃាតនៅឯតំបន់កាស្មៀរប៉ែកទឹកដីឥណ្ឌា។ រីឯអាជ្ញាធរទីក្រុងញូដេលី បានចោទប្រកាន់ថាប៉ាគីស្ថានគឺជាអ្នកគាំទ្រក្រុមសកម្មប្រយុទ្ធ នៅពីក្រោយការវាយប្រហារនេះ តែប៉ាគីស្ថានបដិសេធ៕