(ការ៉ាកាស់)៖ បេសកជនពិសេសអាមេរិកប្រចាំវេណេស៊ុយអេឡា លោក Elliott Abrams បានព្រមានថាទីក្រុងវ៉ាស៊ីនតោននឹងមិនកំណត់ ការដាក់ទណ្ឌកម្មសេដ្ឋកិច្ចប្រឆាំងតែទៅនឹងរបបដឹកនាំរបស់លោក នីកូឡាស់ ម៉ាឌូរ៉ូនោះទេ ប៉ុន្តែគឺប្រឆាំងរាល់ប្រទេស ឬអ្នកទាំងឡាយ ណាដែលគំាទ្រប្រធានាធិបតីរូបនេះតែម្ដង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Sputnik នៅថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩។
លោក Elliott Abrams ធ្វើការកត់សម្គាល់បែបនេះនៅក្នុងសន្និសីទសារព័ត៌មានមួយនៅថ្ងៃអង្គារសប្ដាហ៍នេះ។ ថ្លែងនាឱកាសនោះ បេសកជនពិសេសរូបនេះបានលើកឡើងដូច្នេះថា៖ «ថ្វីបើយើងមិនទាន់ធ្វើការសម្រេចចិត្តណាមួយក៏ដោយ ប៉ុន្តែការដាក់ទណ្ឌកម្ម សេដ្ឋកិច្ចអាចនឹងត្រូវធ្វើឡើងប្រឆាំងរដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ឬក៏ប្រទេសទី៣ដែលគាំទ្ររបបមួយនេះ»។
គួរបញ្ជាក់ថា បើតាមក្រុមមន្ត្រីអាមេរិក ទីក្រុងវ៉ាស៊ីនតោននឹងបន្តដាក់ទណ្ឌកម្មប្រឆាំងប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ ព្រមទាំងដាក់កំហិតលើការផ្ដល់ទិដ្ឋការថ្មីមួយឱ្យមន្ត្រីវេណេស៊ុយអេឡារាប់សិបនាក់ទៀតផង៕