(ការ៉ាកាស់)៖ ខណៈដែលស្ថានការណ៍នៅក្នុងប្រទេស កាន់តែផុយស្រួយដោយសារតែសហរដ្ឋអាមេរិកកំពុងបង្ហាញការគាំទ្រកាន់តែខ្លាំង ទៅលើមេបក្សប្រឆាំងលោក ជូអាន ហ្គៃដូ ដែលកន្លងមកតែងចាត់ទុកខ្លួនលោកជាប្រធានាធិបតីស្តីទីនោះ សមាជិកសភានៃបក្សប្រឆាំងមួយរូបបានចេញមុខបង្ហើបព័ត៌មានមួយទៀតថា លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ បាននិងកំពុងព្យាយាមដឹកនាំមាសចេញពីធនាគារកណ្តាលវេណេស៊ុយអេឡា ដើម្បីយកទៅដោះដូរចេញជាលុយឲ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបាន។ នេះបើតាមការចេញផ្សាយដោយ Sputnik នាល្ងាចថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩។
លោក ចូស ហ្គែរ៉ា (Jose Guerra) សមាជិកសភាមួយរូបនៃបក្សប្រឆាំងរបស់លោក ជូអាន ហ្គៃដូ បានលើកឡើងយ៉ាងដូច្នេះថា «យន្តហោះរដ្ឋាភិបាលលោក នីកូឡាស់ ម៉ាឌូរ៉ូ បានចុះចតនៅព្រលានយន្តហោះទីក្រុងអាតែន នៃប្រទេសក្រិកកាលពីពេលថ្មីៗនេះ (ចុងសប្តាហ៍មុន) ដោយមានដឹកមាសយ៉ាងហោចណាស់ក៏ពី ៥-៦តោនដែរ...។ នៅក្នុងយន្តហោះនោះគឺជារដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡាលោក ហ្សក អារៀហ្សា (Jorge Areaza) ដោយលោកមិនបានជួបមន្ត្រីក្រិកណាម្នាក់នោះឡើយ ព្រោះបានសំអាងយន្តហោះគ្រាន់តែឈប់នៅទីនោះដើម្បីចាក់សាំងប៉ុណ្ណោះ...»។
គួរបញ្ជាក់ថា បើតាមសម្តីរបស់សមាជិកសភាបក្សប្រឆាំងខាងលើនេះ រដ្ឋមន្ត្រីការបរទេសវេណេស៊ុយអេឡាបានប្រើប្រាស់ប្រទេសក្រិក ធ្វើជាកន្លែងប្តូរមាសយកលុយអឺរ៉ូយ៉ាងបន្ទាន់ និងឡើងយន្តហោះត្រឡប់ទៅទីក្រុងការ៉ាកាស់វិញ។ ក្រុមបក្សប្រឆាំងវេណេស៊ុយអេឡាបានបញ្ជាក់ថា យន្តហោះរដ្ឋាភិបាលវេណេស៊ុយអេឡា គឺមានគោលដៅទៅប្រទេសក្រិកជាពិសេស ព្រោះមានតែប្រទេសក្រិកមួយទេ ដែលនៅបន្តគាំទ្ររដ្ឋាភិបាលលោក ម៉ាឌូរ៉ូ ចំពោះមុខវិបត្តិនេះ ខណៈប្រទេសអឺរ៉ុបផ្សេងៗទៀត គឺលែងស្វាគមន៍រដ្ឋាភិបាលវេណេស៊ុយអេឡាទៀតហើយ៕