(តែលអាវីវ)៖ យានអវកាសមួយគ្រឿងរបស់ប្រទេសអ៊ីស្រាអែល ដែលកំពុងស្ថិតក្នុងបេសកកម្មលើកដំបូងរបស់អ៊ីស្រាអែលដើម្បីឆ្ពោះទៅកាន់ឋានព្រះច័ន្ទ បានបាញ់បញ្ជូនរូបភាព Selfie ត្រឡប់មកផែនដី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩។
រូបភាពនេះបានបង្ហាញឲ្យឃើញនូវផ្នែកមួយចំនួននៃយានអវកាស Beresheet (Genesis) ដែលមានភពពណ៌ខៀវរបស់យើងនៅពីខាងក្រោយ ហើយវាត្រូវបានបាញ់បញ្ចូនតាមរលកសញ្ញា មកកាន់ស្ថានីយគ្រប់គ្រងបេសកកម្មនៅឯទីក្រុង Yehud របស់ប្រទេសអ៊ីស្រាអែល ដែលស្ថិតនៅចម្ងាយ៣៦,៦០០គីឡូម៉ែត្រពីគ្នា។
យាន Beresheet ដែលមានទម្ងន់៥៨៥គីឡូក្រាម ត្រូវបានបញ្ជូនឡើងទីអវកាសចេញពីតំបន់ពយ Cape Canaveral នៅក្នុងរដ្ឋផ្លូរីដា កាលពីថ្ងៃទី២២ ខែកុម្ភៈ តាមរយៈគ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុនអាមេរិក SpaceX ហើយវានឹងត្រូវចំណាយពេល០៧សប្តាហ៍ ដើម្បីទៅដល់ហើយចុះលើផ្ទៃព្រះច័ន្ទនៅថ្ងៃទី១១ ខែមេសា។
គួរជម្រាបថា គិតមកទល់ពេលនេះ មានតែរុស្ស៊ី សហរដ្ឋអាមេរិក និងចិន ប៉ុណ្ណោះ ដែលបានធ្វើដំណើរចម្ងាយ៣៨៤,០០០គីឡូម៉ែត្រទៅកាន់ឋានព្រះច័ន្ទ ហើយចុះទៅជាន់លើទីនោះ ខណៈបើបេសកកម្មខាងលើជោគជ័យអ៊ីស្រាអែលនឹងក្លាយជាប្រទេសទី០៤៕