(ម៉ូស្គូ)៖ អ្នកកំប្លែងជនជាតិរុស្ស៊ី០២នាក់ បានហៅទូរស័ព្ទទៅបោកបេសកជនពិសេសអាមេរិកប្រចាំវេណេស៊ុយអេឡា លោក Elliott Abrams ដែលបានជឿលើអ្វីដែលពួកគេបាននិយាយ និងព្យាយាមបង្កគណនីក្លែងក្លាយរបស់ជនជាតិវេណេស៊ុយអេឡាជាច្រើននាក់ រួមមានទាំងលោក នីកូឡាស់ ម៉ាឌូរ៉ូ និងសមាជិករដ្ឋាភិបាលទីក្រុងការ៉ាកាស់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Sputnik នៅល្ងាចថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩។
បុគ្គលទាំងពីរនាក់បានប្រាប់សារព័ត៌មាន Sputnik ថា ពួកគេជាអ្នកហៅទូរស័ព្ទទៅកាន់ លោក Abrams ដោយបានបន្លំធ្វើជាប្រធានាធិបតីនិងជាប្រធាននាយកដ្ឋានហិរញ្ញវត្ថុនៃប្រទេសស្វីស លោក Ueli Maurer កាលពីពាក់កណ្តាលខែកុម្ភៈ។ នាឱកាសនោះ អ្នកទាំង០២បានប្រាប់បេសកជនពិសេសអាមេរិកថា មានលុយយ៉ាងច្រើនដែលជារបស់សមាជិករដ្ឋាភិបាលវេណេស៊ុយអេឡា នៅក្នុងធនាគារស្វីស ប៉ុន្តែរដ្ឋាភិបាលស្វីសមិនអាចធ្វើអ្វីបានឡើយ ព្រោះពុំមានការរំលោភបំពានច្បាប់។
ក្នុងកិច្ចសន្ទនាខាងលើ លោក Abrams បានឆ្លើយតបវិញថា ទ្រព្យសម្បត្តិទាំងនេះគួរតែត្រូវបង្កកចោល ព្រោះថាធនាគារស្វីសទាំងឡាយដែលមានជាប់ពាក់ព័ន្ធនឹងទ្រព្យទាំងនេះ អាចនឹងរងពាក្យបណ្តឹងពីរដ្ឋាភិបាលនាថ្ងៃអនាគតរបស់មេបក្សប្រឆាំងលោក Juan Guaido ខណៈធនាគារទាំងអស់នោះ នឹងត្រូវចាត់ទុកថា មានទាក់ទងនឹងការលួចប្លន់ហិរញ្ញវត្ថុរបស់វេណេស៊ុយអេឡា។
គួរជម្រាបថា នៅពេលដែលក្រុមអ្នកកំប្លែងខាងលើ បានទាមទាររកឯកសារពីលោក Abrams ដើម្បីបង្កកទ្រព្យសម្បត្តិនៅក្នុងគណនីក្លែងក្លាយទាំងនោះ លោកបេសកជនអាមេរិកក៏បានផ្ញើឲ្យភ្លាមៗ។ ឯកសារទាំងនោះ រួមមានជនជាតិវេណេស៊ុយអេឡាចំនួន១០០នាក់ រួមទាំងប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡឡាស់ ម៉ាឌូរ៉ូ និងសមាជិករដ្ឋាភិបាលរបស់លោក។ អ្នកកំប្លែងជនជាតិរុស្ស៊ីទាំងពីរនាក់នេះ មានឈ្មោះ Vladimir Kuznetsov ហៅ Vovan និង Alexei Stolyarov ហៅ Lexus ត្រូវបានគេស្គាល់ជាទូទៅ ដោយសារការហៅទូរស័ព្ទលក្ខណៈលលេង (Prank) ទៅកាន់បណ្តាអ្នកនយោបាយនៅជុំវិញពិភពលោក៕