(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិកបានបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកធុន B-52 ចំនួន០២គ្រឿង ក្នុងបេសកកម្មដាច់ដោយឡែកពីគ្នានៅក្បែរប្រទេសចិន ដែលទង្វើនេះច្បាស់ជានឹងបង្កឲ្យទីក្រុងប៉េកាំង ចេញមុខរិះគន់ជាថ្មីទៀតជាក់ជាពុំខាន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៊ី Russia Today (RT) នៅរសៀលថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩។
យន្តហោះទម្លាក់គ្រាប់បែក B-52H Stratofortress ទាំង០២គ្រឿង ដែលមានមូលដ្ឋាននៅកោះហ្គាំ ស្ថិតនៅមហាសមុទ្រប៉ាស៊ីហ្វិក បានចូលរួមក្នុងបេសកកម្មហ្វឹកហ្វឺនជាប្រចាំកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ ដោយហោះហើរឆ្លងកាត់ដែនអាកាសដែលមានបញ្ហាវិវាទនៅលើសមុទ្រចិនខាងត្បូង និងសមុទ្រចិនខាងកើត។ បើតាមសេចក្តីថ្លែងការណ៍របស់កងទ័ពអាកាសអាមេរិក ប្រចាំនៅប៉ាស៊ីហ្វិក B-52 មួយគ្រឿងបានធ្វើការហ្វឹកហ្វឺន នៅក្នុងបរិវេណសមុទ្រចិនខាងត្បូង រីឯមួយគ្រឿងទៀតហ្វឹកហាត់នៅក្បែរឆ្នេរនៃប្រទេសជប៉ុន។
គួរជម្រាបថា បេសកកម្ម Continuous Bomber Presence Mission របស់យោធាអាមេរិកប្រចាំនៅប៉ាស៊ីហ្វិក ត្រូវបានបង្កើតឡើងដើម្បីធានានូវសមត្ថភាពប្រយុទ្ធជុំវិញពិភពលោក នៃកងទ័ពអាកាសរបស់សហរដ្ឋអាមេរិក និងដើរតួនាទីជាមធ្យោបាយមួយ ដើម្បីទប់ស្កាត់មិនឲ្យមានការហ៊ានប៉ុនប៉ងវាយប្រហារពីប្រទេសដទៃ។ យ៉ាងណាមិញ ចិនចាត់ទុកការចល័តយន្តហោះទម្លាក់គ្រាប់បែកនេះថា គឺជាការបង្ករឿងយ៉ាងជាក់ច្បាស់ និងជាការដំឡើងសាច់ដុំមួយ ដែលមានគោលដៅប្រឆាំងនឹងអធិបតេយ្យភាពរបស់ទីក្រុងប៉េកាំងនៅក្នុងតំបន់៕