(ប៉េកាំង)៖ គ្រាប់រ៉ុក្កែតដឹកជញ្ជូនទីមួយរបស់ប្រទេសចិន សម្រាប់បម្រើគោលដៅពាណិជ្ជកម្ម នឹងត្រូវធ្វើការហោះហើរជាលើកដំបូង នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នារសៀលថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩។
រ៉ុក្កែតខាងលើដែលមានឈ្មោះថា «នាគវៃឆ្លាតទី១ (Smart Dragon-1 ឬ SD-1)» គឺជាសមាជិកដំបូងគេនៃស៊េរីរ៉ុក្កែតពាណិជ្ជកម្មត្រកូត Dragon ដែលផលិតដោយស្ថាប័នរដ្ឋចិន CALVT ដែលមានឯកទេសខាងអភិវឌ្ឍន៍គ្រាប់រ៉ុក្កែត ខណៈដែលប្រទេសចិនកំពុងពន្លឿនសន្ទុះនៃកិច្ចប្រឹងប្រែង អភិវឌ្ឍវិស័យឧស្សាហកម្មអវកាស ទៅក្នុងផ្នែកពាណិជ្ជកម្មថ្នាក់ជាតិ និងអន្តរជាតិ។ បច្ចុប្បន្នរាល់រ៉ុក្កែតដឹកជញ្ជូនទាំងអស់របស់ចិន គឺសុទ្ធតែស្ថិតក្នុងត្រកូត Long March។
គួរជម្រាបថា បើតាម CALVT ដោយសារតែរ៉ុក្កែត Dragon ត្រូវបានរចនាឡើង សម្រាប់តែបម្រើគោលដៅពាណិជ្ជកម្មជាចម្បង ការចំណាយដើម្បីដឹកជញ្ជូនវត្ថុផ្សេងៗទៅក្នុងគន្លងអវកាស មានតម្លៃធូរថ្លៃជាងប្រភេទរ៉ុក្កែតស្រដៀងគ្នា ដែលមានវត្តមាននៅក្នុងទីផ្សារអន្តរជាតិ។ រ៉ុក្កែត Dragon ត្រូវគេអះអាងថា ប្រើពេលត្រឹម ០៦ខែប៉ុណ្ណោះ ដើម្បីផលិតបានមួយគ្រាប់ៗ និងពេលត្រឹមតែ ២៤ម៉ោង សម្រាប់ការត្រៀមរៀបចំដើម្បីបាញ់បង្ហោះ ហើយវាអាចប្រើប្រាស់សម្រាប់បញ្ជូនផ្កាយរណបតែមួយគ្រឿង ឬក៏ច្រើនគ្រឿងក្នុងពេលតែមួយក៏បាន៕