(ប៉េកាំង)៖ នៅដើមខែមីនាជារៀងរាល់ឆ្នាំ ក្រៅពីមហាសន្និបាតសភាប្រជាជនចិន (NPC) មហាសន្និបាតធំមួយទៀតនៃសភាប្រឹក្សានយោបាយប្រជាជនចិន (CPPCC) ត្រូវបានធ្វើឡើងក្នុងពេលទន្ទឹមគ្នា ដោយការជួបជុំទ្រង់ទ្រាយធំទាំងពីរនេះ មិនត្រឹមសម្រាប់កិច្ចរៀបចំផែនការអភិវឌ្ឍន៍ជាតិរបស់ប្រទេសចិនប៉ុណ្ណោះទេ តែថែមទាំងជាបង្អួចដ៏សំខាន់សម្រាប់ឲ្យពិភពលោក ស្វែងយល់ពីស្ថានភាពរបស់ចិនផងដែរ ។
ក្នុងនាមជារបៀបវារៈរដ្ឋប្រកបដោយលក្ខណៈពិសេសរបស់ប្រទេសចិន CPPCC មានតួនាទីពិសេសជាប់រហូតក្នុងដំណើរអភិវឌ្ឍន៍របស់ប្រទេសចិនថ្មី ក្នុងរយៈពេលជិត ៧០ឆ្នាំកន្លងមកនេះ ដែលបានពូនជ្រុំកម្លាំងកាយចិត្តរបស់ប្រជាជនទាំងជាតិ និងអន្តរជាតិ និងបានបង្កើតជាកម្លាំងចលករសម្រាប់ការបង្កើតអច្ឆរិយភាព នៃការអភិវឌ្ឍជាបន្តបន្ទាប់របស់ប្រទេសចិន ។
ក្នុងនាមជាប្រទេសមួយដែលមានចំនួនប្រជាជន ច្រើនជាងគេលើពិភពលោក ប្រជាជនចិនមានសំណូមពរច្រើនបែបយ៉ាង ប៉ុន្តែប្រជាជនចិនមានគំនិតឯកភាពរួមមួយថា ត្រូវតែសម្រេចការស្តាភាពរុងរឿងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ដែលវាគឺជាឧត្តមគតិរួមរបស់ប្រជាជនចិនចំនួនជិត ១៤០លាននាក់ ។
ក្នុងនាមជាស្ថាប័នសំខាន់មួយ នៃកិច្ចសហប្រតិបត្តិការអន្តរបក្ស និងពិគ្រោះពិភាក្សាអំពីកិច្ចការនយោបាយ ដែលដឹកនាំដោយបក្សកុម្មុយនិស្តចិន ដែលជាគណបក្សកាន់អំណាច CPPCC បានដើរតួនាទីជាស្ពានសំខាន់ក្នុងការមូលមតិយោបល់បង្កើតជាកម្លាំងរួម ជំរុញការអភិវឌ្ឍនៃប្រទេសជាតិ និងការងើបឡើងវិញនៃប្រជាជាតិរវាងស្រទាប់សម្រេចគោលនយោបាយនៃមជ្ឈិមចិន និងគ្រប់មជ្ឈដ្ឋានរបស់ប្រទេសចិន ។
សាមគ្គីភាព និងប្រជាធិបតេយ្យ ជាប្រធានបទធំទាំងពីរនៃការងាររបស់សភាប្រឹក្សានយោបាយ។ សមាជិកសមាជិការនៃសភាប្រឹក្សានយោបាយ គឺមកពីគ្រប់មជ្ឈដ្ឋាននានាក្នុងសង្គមចិន ដែលប្រកបដោយភាពជាតំណាងយ៉ាងទូលំទូលាយ នៃស្ថាប័ននេះក៏សម្រេចថា ស្ថាប័នមួយនេះអាចប្រមូលផ្តុំកម្លាំង នៃគ្រប់មជ្ឈដ្ឋាននានាក្នុងសង្គមចិន ។
ឧទាហរណ៍ដូចជា សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិននីតិកាលទី ១៣ ក្នុងចំណោមសមាជិកសមាជិកាសភាប្រឹក្សានយោបាយប្រជាជនចិនចំនួនជាង ២,០០០រូប មាន ៣៩.៨ភាគរយ ជាសមាជិកបក្សកុម្មុយនិស្តចិន និងមាន ៦០.២ភាគរយ មិនជាសមាជិកបក្សកុម្មុយនិស្តចិន ដែលក្នុងនោះមានបក្សប្រជាធិបតេយ្យចំនួន៨ និងសមាគមឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេសចិន ឥស្សរជនមិនចូលបក្ស ហើយក៏មានតំណាងជាបុគ្គលឆ្នើមនៃមុខរបរនានា ឥស្សរជនហុងកុងនិងម៉ាកាវ តំណាងនៃជនជាតិភាគតិចនិងតំណាងនៃមជ្ឈដ្ឋានសាសនា ព្រមនិងឥស្សរជនជំនាញដែលមកពីមជ្ឈដ្ឋានសិល្បៈនិងកីឡា ។
ក្នុងនាមជាចំណែកដ៏សំខាន់មួយនៃប្រព័ន្ធអភិបាលកិច្ចជាតិចិន «ការយល់ដឹងអំពីការប្រឹក្សានយោបាយនិងភាពប៉ិនប្រសប់ក្នុងការប្រឹក្សានយោបាយ» គឺជាគោលការណ៍ដ៏សំខាន់ ដែលសមាជិកសភាប្រឹក្សានយោបាយប្រជាជនចិននិងសមាជិកសមាជិកាសភាប្រឹក្សានយោបាយប្រជាជនចិនក្នុងយុគសម័យថ្មី ត្រូវគោរពតាមក្នុងពេលបំពេញតួនាទី។
និយាយដោយលម្អិត គឺសមាជិកសមាជិកាសភាប្រឹក្សានយោបាយប្រជាជនលើកសំណើ ដើម្បីជំរុញការអភិវឌ្ឍប្រទេសជាតិ ដូច្នេះបញ្ហាប្រឈមក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចក៏ដូចជាការរស់នៅរបស់ប្រជាជន គឺជាចំណុចសំខាន់នៃការងាររបស់ស្ថាប័នសភាប្រឹក្សានយោបាយ និងសមាជិកសមាជិកាសភាប្រឹក្សានយោបាយប្រជាជន គ្រប់ស្រទាប់ជាន់ថ្នាក់។
តាមស្ថិតិឱ្យដឹងថា តាំងពីការបើកធ្វើមហាសន្និបាតលើកទី១នៃ CPPCC នីតិកាលទី ១៣មក បានទទួលសំណើរបស់សមាជិកសមាជិកាសភាប្រឹក្សានយោបាយទូទាំងប្រទេសចិនសរុប ៥,៣៦០ករណី ក្នុងនោះមាន ៤,៥៦៧ករណីត្រូវបានអនុវត្តន៍ជាផ្លូវការ ហើយបច្ចុប្បន្នមានសំណើរចំនួន ៩៩.២ភាគរយបានទទួលការដោះស្រាយពីរដ្ឋាភិបាល។
សំណើទាំងនេះមានពាក់ព័ន្ធការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់ ការជំរុញកំណែទម្រង់ផ្នែកនយោបាយ ការធ្វើឱ្យមាននីតិរដ្ឋដោយគ្រប់ជ្រុងជ្រោយ ការកែលម្អនិងធានាជីវភាពរស់នៅរបស់ប្រជាជន និងការជំរុញដំណើរបង្រួបបង្រួមប្រទេសជាតិដោយសន្តិវិធីជាដើម ដែលបានផ្តល់ការធានានិងការគាំទ្រយ៉ាងសំខាន់សម្រាប់ ការសម្រេចគោលនយោបាយរបស់រដ្ឋាភិបាលចិន។
ការប្រឹក្សានយោបាយដោយការចូលរួមពីសំណាក់ប្រជាជន គឺជារូបភាពដ៏សំខាន់សម្រាប់ប្រទេសចិនសម្រេចប្រជាធិបតេយ្យប្រជាជន ការពិភាក្សានយោបាយ ការត្រួតពិនិត្យបែបប្រជាធិតេយ្យ និងការចូលរួមនិងពិភាក្សានយោបាយបានបង្ហាញដោយពេញលេញនូវកម្លាំងរស់រវើកនៃរបបប្រជាធិបតេយ្យសង្គមនិយម។
ក្នុងដំណើរបំពេញតួនាទី សមាជិកសមាជិកាសភាប្រឹក្សានយោបាយប្រជាជនចិនគ្រប់ជាន់ថ្នាក់ បានលើកមតិយោបល់ ការរិះគន់ និងសំណើចំពោះការងាររដ្ឋាភិបាល និងរដ្ឋបាលគ្រប់ជាន់ថ្នាក់ តាមរូបភាពពិភាក្សានយោបាយ ដែលបានដើរតួនាទីដែលមានឥទ្ធិពលផ្នែកនយោបាយយ៉ាងខ្លាំងក្លា។
ឆ្នាំ២០១៩ គឺជាខួបទី ៧០ នៃការបង្កើតប្រទេសចិនថ្មី ហើយក៏ជាខួបទី ៧០ នៃការបង្កើតសភាប្រឹក្សានយោបាយប្រជាជនចិនផងដែរ។ ដំណើររយៈពេល ៧០ឆ្នាំបានបញ្ជាក់ថា សភាប្រឹក្សានយោបាយប្រជាជនដែលលើកសំណើ និងពិភាក្សាអំពីកិច្ចការរដ្ឋ គឺជាវេទិកាសម្រាប់ការបញ្ចេញមតិយោបល់របស់ប្រជាជន ហើយសភាប្រឹក្សានយោបាយប្រជាជនក៏ជាអង្គការរណសិរ្សឯកភាពស្នេហាជាតិដ៏ទូលំទូលាយបំផុត ដែលបានរួមវិភាគទានយ៉ាងសំខាន់ក្នុងការបង្កើតជាបរិយាកាសខាងក្រៅដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍនៃប្រទេសជាតិផងដែរ៕