(វ៉ាស៊ីនតោន)៖ អគ្គមេបញ្ជាការយោធាអាមេរិកប្រចាំនៅតំបន់អឺរ៉ុបបាននិយាយថា សហរដ្ឋអាមេរិកពុំគួរលក់យន្តហោះចម្បាំង F-35 ឲ្យទៅតួកគីឡើយ ប្រសិនបើទីក្រុងអង់ការ៉ាទិញប្រព័ន្ធមីស៊ីលការពារអាកាសរបស់រុស្ស៊ី។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩។
នៅក្នុងព្រឹទ្ធសភាអាមេរិកនាថ្ងៃអង្គារសប្តាហ៍នេះ អគ្គមេបញ្ជាការយោធាអាមេរិកប្រចាំនៅតំបន់អឺរ៉ុបលោក ឃើធីស ស្កាផារ៉ូទី (Curtis Scaparrotti) បានលើកឡើងថា ប្រទេសរបស់លោកមិនគួរលក់យន្តហោះចម្បាំង F-35 ឲ្យទៅប្រទេសតួកគីនោះទេ ប្រសិនបើតួកគីនៅតែពុំព្រមស្តាប់ហើយទិញយកប្រព័ន្ធមីស៊ីល S-400 ពីប្រទេសរុស្ស៊ី ព្រោះថាប្រព័ន្ធការពារដែនអាកាសនេះ គឺជាបញ្ហាសម្រាប់រាល់យន្តហោះចម្បាំងរបស់អាមេរិក ជាពិសេសគឺ F-35 តែម្តង។
ក្នុងថ្ងៃដដែលក្រសួងការបរទេសអាមេរិកក៏បានឲ្យដឹងផងដែរថា ទីក្រុងវ៉ាស៊ីនតោនបានបញ្ជាក់ប្រាប់ទីក្រុងអង់ការ៉ារួចហើយថា ការទិញប្រព័ន្ធការពារដែនអាកាសរុស្ស៊ី នឹងនាំទៅរកការវាយតម្លៃឡើងវិញលើការចូលរួមរបស់តួកគី នៅក្នុងកម្មវិធីអភិវឌ្ឍន៍យន្តហោះចម្បាំង F-35។
គួរជម្រាបថា ទោះបីជាអាមេរិកបានព្រមានជាច្រើនដង មិនឲ្យទិញប្រព័ន្ធមីស៊ីលរុស្ស៊ី S-400 ក៏ដោយក៏តួកគីនៅតែព្យាយាមបញ្ជាក់ថា ការទិញប្រព័ន្ធមីស៊ីលនេះគឺមិនអាចផ្លាស់ប្តូរនោះទេ ហើយពួកវានឹងត្រូវប្រគល់មកដល់ដៃតួកគី នារដូវស្លឹកឈើជ្រុះឆ្នាំ២០១៩នេះ ពោលគឺនៅចន្លោះខែកញ្ញា និងខែធ្នូ ខណៈតួកគីមានគម្រោងទិញយន្តហោះចម្បាំង F-35 ប្រមាណ ១០០គ្រៀងពីអាមេរិក៕