(អាហ្វ្រិក)៖ ការសិក្សាស្រាវជា្រវជាច្រើនបានបង្ហាញថា ប្រជាជនអាហ្វ្រិក ៤១លាននាក់ នឹងកើតជំងឺទឹកនោមផ្អែមនៅឆ្នាំ២០៤៥ ហើយដែលចំនួននេះនឹងធ្វើឱ្យទ្វីបអាហ្រ្វិកទាំងមូលនាំមុខគេ ក្នុងកំណើនអ្នកកើតជំងឺមួយនេះនៅលើពិភពលោក។ នេះបើតាមការដកស្រង់ ចេញផ្សាយដោយសារព័ត៌មានបារាំង Le Monde នៅព្រឹកថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩។
នៅទ្វីបអាហ្រ្វិកជាពិសេសគឺប្រទេសកូឌីវ័រ ជំងឺមិនឆ្លងបាន និងកំពុងកើនឡើងគួរឱ្យកត់សម្គាល់ ហើយវាក៏ជាមូលហេតុដ៏ចម្បងនៃការ ស្លាប់របស់ប្រជាជនអាហ្វ្រិកផងដែរ។ ជាក់ស្ដែងបើតាមអង្គការសុខភាពពិភពលោក (WHO) កាលពីឆ្នាំ២០១៨ ការស្លាប់របស់ប្រជាជនអាហ្វ្រិក ៣៧ភាគរយ គឺមានជាប់ពាក់ព័ន្ធនឹងជំងឺមិនឆ្លងក្នុងនោះមានដូចជា ជំងឺទឹកនោមផ្អែម ជំងឺមហារីក និងជំងឺស្ទះសសៃឈាមបេះដូងជាដើម។
លើសពីនេះទៅទៀត អង្គការអន្តរជាតិមួយនេះក៏បានឱ្យដឹងដែរថា កាលពីឆ្នាំ២០១៧ ជំងឺទឹកនោមផ្អែមបានផ្ដាច់យកជីវិតប្រជាជនអាហ្វ្រិក ៣០០,០០០នាក់ ហើយប្រជាជន ៤១លាននាក់អាចនឹងកើតជំងឺនេះ នៅទូទាំងទ្វីអាហ្រ្វិកទាំងមូលនៅឆ្នាំ២០៤៥។
គួរបញ្ជាក់ថា បើតាមអង្គការសុខភាពពិភពលោក ទី្វបអាហ្រ្វិកនឹងក្លាយជាតំបន់រីកសាយជំងឺខ្លាំងជាងគេបំផុតនៅលើពិភពលោក ខណៈ ករណីនៃជំងឺផ្សេងៗពីគ្នាបានកើនឡើងរហូតដល់ ១៥៦ភាគរយក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ។
ដោយសារតែប្រជាជននៅតំបន់អាហ្វ្រិក ជាឧទាហរណ៍នៅកូឌីវ័រមិនសូវជាយកចិត្តទុកដាក់ ឬអត់មានការព្រួយបារម្ភចំពោះជំងឺទឹកនោមផ្អែម ហើយឥឡូវពួកគេមិនសូវជាចូលចិត្តហូបអាហារ ដែលជាលក្ខណៈប្រពៃណីរបស់ខ្លួនទៀតនោះឡើយ ដោយបែរជាងាកមកហូបអាហារផលិតស្រាប់ចេញពីរោងចក្រ ដែលមានជាតិខ្លាញ់ច្រើន ប្រៃពេក និងផ្អែមពេកជាដើម៕