(ការ៉ាកាស់)៖ ប្រធានាធិបតីវេណេស៊ុយអេឡាលោក នីកូឡាស់ ម៉ាឌូរ៉ូ បានសន្យានៅចំពោះមុខអ្នកគាំទ្រថា នឹងយកជ័យជម្នះលើ រាល់ក្រុមប្រឆាំងទាំងឡាយណា ដែលចង់ទម្លាក់រូបលោកចេញពីអំណាច។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅព្រឹកថ្ងៃពុធ ទី០៦ ខែមីនា ឆ្នាំ២០១៩។
លោក ម៉ាឌូរ៉ូ ធ្វើការកត់សម្គាល់បែបនេះ នៅឯពិធីជួបអ្នកគាំទ្រក្នុងទីក្រុងការ៉ាកាស់ នៅថ្ងៃអង្គារសប្ដាហ៍នេះ ពោលគឺតែមួយថ្ងៃប៉ុណ្ណោះក្រោយមេបក្សប្រឆាំង លោក ជូអាន ហ្គៃដូ (Juan Guaidó) ត្រឡប់ចូលស្រុកវិញតាមពាក្យសន្យា។ នាឱកាសនោះ លោក ម៉ាឌូរ៉ូ បានលើកឡើងយ៉ាងដូច្នេះថា «បណ្ដោយឱ្យពួកឆ្កួតឡប់មួយក្ដាប់តូចនោះ បន្តភាពល្វីងជូរចត់របស់ពួកគេទៀតទៅចុះ ព្រោះថាមិនយូរមិនឆាប់យើងនឹងយកជ័យជម្នះលើពួកគេ ហើយយើងនឹងធ្វើរឿងនេះជាប្រវត្តិសាស្ត្រ សម្រាប់ប្រទេសរបស់យើង»។
គួរបញ្ជាក់ថា ជាសារឆ្លើយតបទៅនឹងលោក Juan Guaidó លោក ម៉ាឌូរ៉ូ ក៏បានអំពាវនាវផងដែរឱ្យអ្នកគាំទ្ររូបលោកទាំងអស់ ចូលរួមក្នុងក្បួនដង្ហែមួយដែលលោកហៅថា «ជាចលនាប្រឆាំងពួកចក្រពត្តិ» ក្នុងទីក្រុងការ៉ាកាស់នៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះ (ម៉ោងនៅក្នុងតំបន់) ខណៈ ក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាល ក៏គ្រោងនឹងធ្វើបាតុកម្មតវ៉ាក្នុងថ្ងៃតែមួយនេះដែរ៕