(អ៊ីស្លាម៉ាបាត)៖ អ្នកនាំពាក្យយោធាប៉ាគីស្ថានម្នាក់បានឱ្យដឹងថា កងនាវាប៉ាគីស្ថានបានទប់ស្កាត់មិនឱ្យនាវាមុជទឹកឥណ្ឌាមួយគ្រឿងចូល ក្នុងដែនទឹករបស់ខ្លួន និងបានបណ្ដេញនាវានេះឱ្យចេញឆ្ងាយទៀតផង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩។

ថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ អ្នកនាំពាក្យយោធារូបនេះដដែលបានគូសបញ្ជាក់បន្ថែមដូច្នេះថា៖ «ជ័យជំនះដ៏អស្ចារ្យនេះគឺ​ជាភស្ដុតាងមួយបញ្ជាក់បានថាកងនាវាប៉ាគីស្ថានមានជំនាញ និងសមត្ថភាព ក្នុងការការពារព្រំដែនទឹករបស់ខ្លួន ព្រមទាំងអាចឆ្លើយតប​ទៅនឹងរាល់ការឈ្លានពានទាំងឡាយ»

គួរបញ្ជាក់ថា បើតាមកងនាវាប៉ាគីស្ថាន នេះគឺជាលើកទី២ហើយដែលនាវាមុជទឹកឥណ្ឌាត្រួវបានស្ទាក់ចាប់តាំងពីឆ្នាំ២០១៦មក ហើយ ម្យ៉ាងវិញទៀតហេតុការណ៍នេះកើតឡើងនៅចំពេលប្រជាជាតិនុយក្លេអ៊ែរទាំង២កំពុងស្គាល់ភាពតានតឹងផ្នែកយោធាកម្រិតខ្ពស់មួយ
នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕