(ស្រីលង្កា)៖ ប៉ូលិសនៃប្រទេសស្រីលង្កានាថ្ងៃអង្គារនេះ បានតាមរកឃើញត្បូងពេជ្រដ៏កម្រនិងមានតម្លៃមួយគ្រាប់យកមកវិញ បន្ទាប់ពីវាត្រូវបានក្រុមចោរលួចយកកាលពីឆ្នាំមុន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩។
ត្បូងពេជ្រខាងលើមានតម្លៃប្រហែល ២៧លានដុល្លារ។ វាត្រូវអាជ្ញាធរស្រីលង្កាយកបានមកពីជនសង្ស័យម្នាក់ ដែលបានលួចពេជ្រមួយគ្រាប់នេះ កាលពីឆ្នាំ២០១៨ នៅឯទីក្រុង ផាន់នីពីទីយ៉ា (Pannipitiya) ជាប់រដ្ឋធានី កូឡុំបូ (Colombo) នៃប្រទេសស្រីលង្កា។ ជនសង្ស័យនេះត្រូវប៉ូលិសក្របួចបាននៅក្រុង ផាណាឌូរ៉ា (Panadura) ភាគនិរតីប្រទេសដីកោះនេះ ជាមួយត្បូងមានតម្លៃជាច្រើនផ្សេងទៀត។
គួរជម្រាបថា បើតាមអ្នកនាំពាក្យស្នងការប៉ូលិសស្រីលង្កា ត្បូងពេជ្រខាងលើត្រូវបានលួចពីឈ្មួញត្បូងម្នាក់ កាលពីខែវិច្ឆិកាឆ្នាំមុន នៅពេលចោរមួយក្រុម រួមមានទាំងជនសង្ស័យខាងលើ បានក្លែងខ្លួនជាប៉ូលិសហើយសម្រុកចូលទៅក្នុងផ្ទះរបស់ឈ្មួញត្បូងរូបនោះ ក្រោមការបង្គាប់បញ្ជាពីមេគ្រឿងញៀនម្នាក់។ ខណៈនេះ ការស៊ើបអង្កេតកំពុងតែបន្តប្រព្រឹត្តទៅ ដើម្បីឈានដល់ការចាប់ខ្លួនជនសង្ស័យដែលនៅសល់៕