(ឡាហាវ៉ាន់)៖ ប្រទេសគុយបាកំពុងបន្តប្តេជ្ញាកាត់បន្ថយភាពពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល តាមរយៈការបំលែងពន្លឺព្រះអាទិត្យ ឲ្យទៅជាថាមពលដើម្បីប្រើប្រាស់វិញ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩។
បច្ចុប្បន្នប្រទេសដីកោះនៅតំបន់ការីបៀននេះមានសួនផ្ទាំងសូឡា ដើម្បីស្រូបពន្លឺព្រះអាទិត្យប្រមាណ ៦០កន្លែងស្រាប់រួចស្រេចទៅហើយ ខណៈរដ្ឋាភិបាលគុយបាកំពុងមានគ្រោង នឹងធ្វើការសាងសង់ជាបន្តបន្ទាប់ថែមទៀត នៅជុំវិញប្រទេស។ បើយោងតាមអ្នកជំនាញនៅគុយបា ដើម្បីផលិតអគ្គិសនីបានមួយគីឡូវ៉ាត់ពីពន្លឺព្រះអាទិត្យ គេត្រូវចំណាយ ០៦សេន ដែលវាថោកជាងការប្រើឥន្ធនៈហ្វូស៊ីល ដែលថ្លៃចន្លោះពី ១៥-២០សេន ខណៈដែនដីគុយបាគឺស្ថិតនៅតំបន់ជិតខ្សែអេក្វាទ័រ ដែលស្រូបពន្លឺព្រះអាទិត្យបានច្រើនបំផុតក្នុងមួយឆ្នាំៗ។
គួរជម្រាបថា ការកែប្រែការផលិតថាមពលនៅក្នុងប្រទេសគុយបា ឲ្យទៅរកប្រភពថាមពលដែលអាចកើតឡើងវិញបាន គឺជាសសរស្តម្ភមួយនៃកម្មវិធីកំណែទម្រង់សេដ្ឋកិច្ចរបស់រដ្ឋាភិបាលគុយបា ដែលមានគោលដៅកាត់បន្ថយការនាំចូលឥន្ធនៈដែលមានតម្លៃថ្លៃ។ ប្រភពធនធានថាមពលអាចកើតឡើងវិញបានដែលមានស្រាប់របស់គុយបា បូករួមជាមួយមូលដ្ឋានដែលទើបសាងសង់ហើយថ្មីៗត្រូវគេរំពឹងថា នឹងអាចផលិតថាមពលបានជាង ១,១០០មេហ្គាវ៉ាត់ក្នុងឆ្នាំ២០១៩នេះ៕