(កាស្មៀរ)៖ អាជ្ញាធរឥណ្ឌានៅថ្ងៃអង្គារនេះបានឱ្យដឹងថា ជនសកម្មប្រយុទ្ធសរុប០២នាក់ បានស្លាប់នៅក្នុងការបាញ់ប្រហារតបតគ្នាជាមួយយោធា នៅឯតំបន់កាស្មៀរប៉ែកខាងទឹកដី ដែលគ្រប់គ្រងដោយឥណ្ឌា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩។
ហេតុការណ៍វាយប្រយុទ្ធគ្នាខាងលើ កើតឡើងកាលពីយប់ថ្ងៃចន្ទនៅឯតំបន់ មែម៉ូហាលឡាត្រាល (Mir Mohalla-Tral) នៃស្រុកផាល់វ៉ាម៉ា (Pulwama district) ស្ថិតនៅចំងាយ ៣៩គីឡូម៉ែត្រពីភាគខាងត្បូងទីក្រុង ស្រ៊ីណាហ្គា (Srinagar) ក្នុងតំបន់កាស្មៀរគ្រប់គ្រងដោយឥណ្ឌា។
ប៉ុន្តែអត្តសញ្ញាណជនសកម្មប្រយុទ្ធ ទាំង២នាក់មិនត្រូវបានកំណត់នៅឡើយ ខណៈភាពតានតឹងរវាងឥណ្ឌា និងប៉ាគីស្ថានត្រូវបានគេមើលឃើញថា នឹងផ្ទុះឡើងជាថ្មីក្រោយ ទីក្រុងញូដេលីអះអាងថា បានបាញ់ទម្លាក់យន្ដហោះដ្រូនប៉ាគីស្ថាន មួយគ្រឿង នៅក្នុងដែនអាកាសរបស់ខ្លួនកាលពីយប់ថ្ងៃចន្ទដដែលនោះ។
គួរបញ្ជាក់ថា បើតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងតំបន់ ជនស៊ីវិលម្នាក់បានរងរបួស រីឯផ្ទះអ្នកភូមិមួយខ្នងក៏បានបំផ្លាញទាំងស្រុងផងដែរ នៅក្នុងការវាយប្រយុទ្ធគ្នារវាងយោធាឥណ្ឌា និងជនសកម្មប្រយុទ្ធ៕