(វ៉ាស៊ីនតោន)៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ បានបង្ហាញក្ដីសង្ឃឹមថា សហរដ្ឋអាមេរិកអាចនឹងបញ្ជូនប្រតិភូមួយក្រុម ទៅកាន់កូរ៉េខាងជើង ក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ បើទោះជាកិច្ចប្រជុំកំពូលរវាងលោក ដូណាល់ ត្រាំ និងលោក គីម ជុងអ៊ុន ក្នុងប្រទេសវៀតណាបញ្ចប់ទៅ ដោយគ្មានកិច្ចព្រមព្រៀងអ្វីក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩។
ថ្លែងចេញរដ្ឋ អ៊ីយ៉ូវ៉ា (Iowa) នៅថ្ងៃចន្ទសប្ដាហ៍នេះលោក ប៉ុមប៉េអូ បានលើកឡើងយ៉ាងដូច្នេះថា «បើទោះជាខ្ញុំមិនទាន់មានការប្ដេជ្ញាចិត្តណាមួយក៏ដោយ ប៉ុន្តែខ្ញុំនៅតែសង្ឃឹមថា យើងអាចនឹងបញ្ជូនប្រតិបភូមួយក្រុមទៅកាន់ទីក្រុងព្យុងយ៉ាង នៅប៉ុន្មានសប្ដាហ៍ខាងមុខទៀតនេះ។ ខ្ញុំកំពុងបន្តធ្វើការងារដើម្បីស្វែងរកមូលដ្ឋាន ដែលយើងអាចចែករំលែកផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក»។
គួរបញ្ជាក់ថា នៅដើមសប្ដាហ៍នេះ កូរ៉េខាងត្បូង និងចិនបានបង្ហាញគោលជំហរដូចគ្នា ដោយអំពាវនាវឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងជើង ចាប់ផ្ដើមកិច្ចចរចាជាថ្មី និងដោះស្រាយបញ្ហានៅលើឧបទ្វីបកូរ៉េដោយសន្តិវិធី ព្រមទាំងឈរលើគោលការណ៍គោរពគ្នាទៅវិញទៅមក។ យ៉ាងណាក៏ដោយក្រោយពីបានបញ្ចប់កិច្ចប្រជុំកំពូលនៅវៀតណាម ទ្វារក៏មិនមែនបិទទាំងស្រុងនោះដែរ ដោយប្រមុខដឹកនាំអាមេរិក និងកូរ៉េខាងជើង នៅតែទុកឱកាសឲ្យមានការជួបគ្នាទៀតនៅថ្ងៃមុខដដែល គ្រាន់តែមិនទាន់មានការកំណត់ពេលប៉ុណ្ណោះ៕