(ព្រុចសែល)៖ ក្រុមអ្នកតំណាងមកពីរដ្ឋាភិបាលស៊ីរី មិនត្រូវបានគេអញ្ជើញឱ្យចូលរួមក្នុង «សន្និសីទអ្នកបរិច្ចាគអន្តរជាតិលើកទី ៣» សម្រាប់ប្រទេសស៊ីរី ដែលគ្រោងនឹងប្រព្រឹត្តទៅនៅទីក្រុងព្រុចសែល នៃប្រទេសប៊ែលហ្សិក ក្នុងខែមីនានោះទេ។ នេះបើតាមប្រភពពីក្រុមមន្ត្រី អឺរ៉ុបដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩។
ប្រភពខាងលើដដែលបានបញ្ជាក់ប្រាប់ Sputnik យ៉ាងដូច្នេះថា «បញ្ជីឈ្មោះនៃបណ្តាអ្នកចូលរួម កំពុងស្ថិតនៅក្នុងការធ្វើបច្ចុប្បន្នភាពនៅឡើយ... ប៉ុន្តែ មិនខុសគ្នាពីលើកមុនៗឡើយ ពោលគឺរបបដឹកនាំប្រធានាធិបតីស៊ីរី លោក បាស្សា អាល់អាស្សាដ និងខាងក្រុមប្រឆាំងស៊ីរីមិនត្រូវបាន អញ្ជើញឱ្យចូលរួមក្នុងសន្និសីទលើកនេះទេ»។ ដោយឡែកមូលហេតុនៃការសម្រេចចិត្តបែបនេះ គឺពុំទាន់មានការបញ្ជាក់ច្បាស់លាស់ឡើយ។
គួរបញ្ជាក់ថា សន្និសីទអ្នកបរិច្ចាគអន្តរជាតិលើកទី ៣ សម្រាប់ប្រទេសស៊ីរីនឹងត្រូវប្រព្រឹត្តទៅពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែមីនានេះ នៅទីក្រុងព្រុចសែល បន្ទាប់ពីសន្និសីទលើកទី ២ ធ្លាប់ធ្វើឡើងក្នុងរដ្ឋធានីនៃប្រទេសប៊ែលហ្សិក កាលពីខែមេសា ឆ្នាំ២០១៨ ដោយមានការចូលរួមពីអ្នកតំណាងមកពី ៥៧ប្រទេស។ សន្និសីទលើកទី ២ នេះបានប្រមូលថវិកា ៤.៤ពាន់លានដុល្លារសម្រាប់សង្គ្រោះស៊ីរី សម្រាប់ឆ្នាំ២០១៨ និង ៣.៤ពាន់លានដុល្លារសម្រាប់ឆ្នាំ២០១៩ និងឆ្នាំ២០២០៕