(កាតា)៖ រដ្ឋមន្ត្រីការបរទេសកាតា ហ្សេក ម៉ូហាំម៉េដ ប៊ីន អាប់ឌុលរ៉ាម៉ាន់ អាល់ថានី (Sheikh Mohammed bin Abdulrahman Al Thani) បាននិយាថា ទីក្រុងដូហាកំពុងសិក្សាយ៉ាងយក ចិត្តទុកដាក់លើគម្រោងទិញប្រព័ន្ធមីស៊ីលការពារដែនអាកាសរុស្ស៊ី S-400 ក្នុងបរិបទដែលភាពតានតឹងជាមួយបណ្ដាប្រទេសអារ៉ាប់ផ្សេង ទៀតជាពិសេសគឺអារ៉ាប៊ីសាអូឌីត ហាក់ដូចជាមិនមានភាពធូរស្រាលទាល់តែសោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Al Jazeera នៅព្រឹកថ្ងៃអង្គារ ទី០៥ ខែមីនា ឆ្នាំ២០១៩។
ព្រះអង្គម្ចាស់ Al Thani ធ្វើការកត់សម្គាល់បែបនេះ ក្នុងសន្និសីទសារព័ត៌មានរួមគ្នា បន្ទាប់ពីបានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ីហ្គៃ ឡាវរ៉ូវ (Sergey Lavrov) ក្នុងទីក្រុងដូហា នៅថ្ងៃចន្ទសប្ដាហ៍នេះ។ នាឱកាសនោះព្រអង្គម្ចាស់ Al Thani បានគូសបញ្ជាក់យ៉ាងដូច្នេះថា «ពិតជាមានការពិភាក្សាគា្នពីគម្រោងទិញ S-400 ប្រាកដមែន គ្រាន់តែពុំទាន់មានកិច្ចព្រមព្រៀងផ្លូវការណាមួយតែប៉ុណ្ណោះ។ ប៉ុន្តែបើសិនជាយើងទិញ S-400ពីរុស្ស៊ីមែន វាគឺសិទ្ធិអធិបតេយ្យភាពរបស់យើង ហើយវាក៏មិនមែនជារឿងរបស់អារ៉ាប៊ីសាអូឌីត ឬប្រទេសណាមួយដែរ»។
គួរជម្រាបថា ទំនាក់ទំនងរវាងកាតា និងរុស្ស៊ី មានការរីកចំរើនទៅមុខគួរឱ្យកត់សម្គាល់ បន្ទាប់ពីអារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម អេហ្ស៊ីប និងបារ៉ែនជាដើម បានប្រកាសចាត់វិធានការ រាំងខ្ទប់សេដ្ឋកិច្ចកាតាកាលពីឆ្នាំ២០១៧ មកក្រោមហេតុផលថា ទីក្រុងដូហាគាំទ្រពួកភេរវករនៅក្នុងតំបន់។ ក៏ប៉ុន្តែ រឹតតែពិសេសការបញ្ជាក់ពីបំណងទិញ S-400 របស់កាតាជាថ្មីនេះ កើតមានឡើងចំពេលមានសេចក្ដីរាយការណ៍ជាច្រើនថា អារ៉ាប៊ីសាអូឌីតបានចំណាយលុយជិតរាប់ពាន់លានដុល្លារ ដើម្បីទិញប្រព័ន្ធមីស៊ីលការពារដែនអាកាស THAAD ពីក្រុមហ៊ុនអាមេរិក Lockheed Martin៕