(ព្យុងយ៉ាង)៖ រ៉េអាក់ទ័រនុយក្លេអ៊ែរ ដែលគេជឿជាក់ថា បានផ្គត់ផ្គង់យ៉ាងច្រើនសន្ធឹកសន្ធាប់ នៃភ្លុយតានីត្យូម សម្រាប់ការផលិតអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង ត្រូវបានគេបិទដំណើរការ អស់រយៈ៣ខែកន្លងមកហើយ ដោយមិនដឹងពីមូលហេតុនោះទេ, នេះបើតាមការប្រាប់ឲ្យដឹងពី ការតាមដានអាតូមិច របស់អង្គការសហប្រជាជាតិ ហើយត្រូវបានចេញផ្សាយ ដោយសារព័ត៌មាន Channel News Asia នាយប់ថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៩នេះ។
រ៉េអាក់ទ័រសមត្ថភាព៥មេហ្គាវ៉ាត់នេះ គឺជាផ្នែកមួយនៃឧទ្យាន្តនុយក្លេអ៊ែរ Yongbyon របស់កូរ៉េខាងជើង ហើយវាអាចត្រូវបានរុះរើរ ដោយសារវាគឺជាបញ្ហាសំខាន់ នៅក្នុងកិច្ចចរចា រវាងប្រធានាធិបតីសហរដ្ឋអាមរិក លោក Donald Trump និងមេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un កាលពីសប្តាហ៍មុន នៅប្រទេសវៀតណាម។
ភ្នាក់ងារថាមពលអាតូមិចអន្តរជាតិ ដែលមានមូលដ្ឋាន នៅទីក្រុង Vienna ប្រទេសអូទ្រីស មិនអាចចូលទៅកាន់កូរ៉េខាងជើងបាននោះទេ ចាប់តាំងពីទីក្រុងព្យុងយ៉ាង បានបណ្តេញក្រុមអ្នកត្រួតពិនិត្យរបស់ខ្លួន នៅឆ្នាំ២០០៩ ហើយបច្ចុប្បន្នការត្រួតពិនិត្យ សកម្មភាពនុយក្លេអ៊ែរ នៅក្នុងប្រទេសកូរ៉េខាងជើង ភាគច្រើនធ្វើឡើង តាមរូបភាព ដែលផ្តល់មកពីផ្កាយរណប។
ដោយឡែក ក្រុមអ្នកវិភាគមួយចំនួន ដែលកំពុងប្រើប្រាស់រូបភាពពីផ្កាយរណបដែរនោះ ជឿជាក់ថា រ៉េអាក់ទ័រវ័យចំណាស់នេះកំពុងមានបញ្ហាបច្ចេកទេស។
សហរដ្ឋអាមេរិក បានលើកឡើងថា ខ្លួនចង់ឲ្យមានការរុះរើចោលទាំងស្រុង នូវអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង ប៉ុន្តែការបញ្ចប់ជាបន្ទាន់ នៃជំនួបកំពូលរវាងលោក Trump និងលោក Kim ដោយមិនមានការចុះហត្ថលេខា លើកិច្ចព្រមព្រៀងនោះ ធ្វើឲ្យអនាគត នៃកិច្ចពិភាក្សារបស់ពួកគេ មិនមានភាពពិតប្រាកដ។
កូរ៉េខាងជើង បានសាកល្បង អាវុធនុយក្លេអ៊ែរ ចំនួន៦ដង នៅចម្លោះឆ្នាំ២០០៦ដល់ឆ្នាំ២០១៧ ហើយកាលពីឆ្នាំមុន កូរ៉េខាងជើង បានបំផ្ទុះចោល ទីតាំងសាកល្បងអាវុធនុយក្លេអ៊ែរក្រោមដី ដ៏សំខាន់របស់ខ្លួន ដែលទីក្រុងព្យុងយ៉ាង បានអះអាងថា នេះគឺជាភស្តុតាងបង្ហាញ ពីបំណងរបស់ខ្លួន ក្នុងការបញ្ចប់ការសាកល្បងអាវុធនុយក្លេអ៊ែរ៕