​(ប៉េកាំង)៖ អាជ្ញាធរចិនៅថ្ងៃចន្ទនេះ បានចោទប្រកាន់ជនជាតិកាណាដា២នាក់ពីបទចារកម្ម ខណៈទំនាក់ទំនងការទូតរវាងប្រទេសទាំង២ កាន់តែឡើងកម្ដៅបន្ទាប់ពីរដ្ឋាភិបាលទីក្រុងអូតតាវ៉ា ដំណើរការនិតិវិធីធ្វើបត្យាប័ននាយកប្រតិបត្តិហិរញ្ញវត្ថុម្នាក់របស់ក្រុមហ៊ុន Huawei ទៅកាន់សហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩។

លោក Michael Kovrig ជាអតីតមន្ត្រីទូត និងលោក Michael Spavor ជាអ្នកជំនួញម្នាក់ត្រូវបានអាជ្ញាធរចិនចាប់ខ្លួនកាលពីខែធ្នូ តែ ប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយនាយកប្រតិបត្តិហិរញ្ញវត្ថុម្នាក់របស់ក្រុមហ៊ុន Huawei លោកស្រី Meng Wanzhou ត្រូវបានអាជ្ញាធរកាណាដា ចាប់ខ្លួនតាមសំណើពីសហរដ្ឋអាមេរិកដែលចោទលោកស្រីពីបទក្លែងបន្លំធនាគារ និងរំលោភលើទណ្ឌកម្មប្រឆាំងនឹងអ៊ីរ៉ង់។ ប៉ុន្តែទីក្រុង ប៉េកាំង និងក្រុមហ៊ុន Huawei ទាត់ចោលរាល់ការចោទប្រកាន់ និងថ្កោលទោសយ៉ាងខ្លាំងចំពោះការចាប់ខ្លួនលោកស្រី Meng។

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រសប្ដាហ៍មុន អាជ្ញាធរកាណាដាបានដំណើរការជាផ្លូវការហើយនូវនិវិវិធីធ្វើបត្យាប័នលោកស្រី លោកស្រី Meng Wanzhou ទៅកាន់សហរដ្ឋអាមេរិក ខណៈលោកស្រី Meng ក៏បានដាក់ពាក្យប្ដឹងរដ្ឋាភិបាលកាណាដាវិញដែរពីបទរំលោភសិទ្ធិ ស៊ីវិលរបស់លោកស្រី៕