(ប៊ែរឡាំង)៖ ទីក្រុងវ៉ាស៊ីនតោនបានបញ្ជូនប្រព័ន្ធមីស៊ីលការពារដែនអាកាស THAAD ទៅឱ្យប្រទេសអ៊ីស្រាអែលហើយ ស្របពេល កងទ័ពអាមេរិកកំពុងដកខ្លួនចេញពីប្រទេសស៊ីរី។ នេះបើតាមអ្នកនាំពាក្យទីបញ្ជាការយោធាអាមេរិកប្រចាំតំបន់អឺរ៉ុបដកស្រង់ចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩។
ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ នៅថ្ងៃចន្ទនេះអ្នកនាំពាក្យដដែលបានឱ្យដឹងទៀតថាការបញ្ជូនប្រព័ន្ធមីស៊ីល នេះ មានគោលដៅសាកល្បងយោធាអាមេរិកថាតើមានសមត្ថភាពប៉ុណ្ណាក្នុងការដាក់ពង្រាយប្រព័ន្ធមីស៊ីលមិនថាតែនៅអ៊ីស្រាអែលឡើយ តែគឺនៅជុំវិញពិភពលោកទាំងមូល។
គួរបញ្ជាក់ថា នៅពេលត្រូវបានសាកសួរលម្អិត អ្នកនាំពាក្យទីបញ្ជាការយោធាអាមេរិកប្រចាំតំបន់អឺរ៉ុបរូបនោះ មិនបានបញ្ជាក់លម្អិតពី កាលបរិច្ឆេទបញ្ជូន ឬដាក់ពង្រាយប្រព័ន្ធការពារមីស៊ីល THAAD ដែលផលិតឡើងដោយក្រុមហ៊ុនអាវុធអាមេរិក Lockheed Martin និង Raytheon ទៅកាន់ប្រទេសអ៊ីស្រាអែលនោះទេ ដោយសំអាងហេតុផលសន្តិសុខ៕