(ញូដេលី)៖ កងទ័ពអាកាសឥណ្ឌាបានបាញ់ទម្លាក់យន្ដហោះដ្រូនមួយគ្រឿងរបស់ប៉ាគីស្ថាន នៅក្នុងដែនអាកាសរបស់ខ្លួន ខណៈភាពតានតឹងរវាងប្រជាជាតិនុយក្លេអ៊ែរទាំង២ត្រូវបានគេមើលឃើញថាទើបតែធូរស្រាលឡើងវិញនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយ នេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Russian Today នៅថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩។
យោងតាមប្រព័ន្ធផ្សព្វផ្សាយនៅក្នុងស្រុក យន្ដហោះដ្រូនរបស់ប៉ាគីស្ថានត្រួវបានបាញ់ទម្លាក់ដោយយន្ដហោះចម្បាំង Sukhoi 30MKI នៃកងទ័ពអាកាសឥណ្ឌានៅថ្ងៃចន្ទនេះ នៅឯទីក្រុង Bikaner នៃរដ្ឋ Rajasthan ប្រទេសឥណ្ឌា។ ខាងភាគីឥណ្ឌាបានចោទថា យន្ដហោះដ្រូននេះបានរំលោភចូលក្នុងដែនអាកាសរបស់ខ្លួននៅម៉ោងប្រមាណ១១៖៣០នាទីព្រឹក (ម៉ោងនៅក្នុងតំបន់)។
ប៉ុន្តែអាជ្ញាធរប៉ាគីស្ថានមិនទាន់ធ្វើការអត្ថាធិប្បាយណាមួយនៅឡើយទេ៕