(ពិភពលោក)៖ នៅថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០១៩នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើព្រឹត្តិការណ៍ រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖
១៖ ខណៈខួប០៥ឆ្នាំជិតមកដល់នៃការបាត់យន្តហោះ MH370 នាយករដ្ឋមន្រ្តីម៉ាឡេស៊ី លោក មហាធៀ មហាម៉េដ (Mahathir Mahamad) បានសន្យាថា នឹងបន្តការស្វែងរកយន្តហោះ ដើម្បីទម្លាយភាពអាថ៌កំបាំងនៅពីក្រោយករណីនេះឲ្យបាន៕
២៖ ក្រសួងការពារជាតិរុស្ស៊ីកំពុងរៀបចំផែនការប្រើប្រាស់គ្រាប់រ៉ុក្កែតដឹកជញ្ជូនធុនធ្ងន់ Angara-A5 ដើម្បីបាញ់បង្ហោះផ្កាយរណបរបស់ខ្លួនចេញពីមជ្ឈមណ្ឌលអវកាស Vostochny នៅតំបន់ចុងបូព៌ានៃប្រទេសរុស្ស៊ី៕
៣៖ ចំនួនមនុស្សស្លាប់ បានកើនដល់ ២៣នាក់ ក្រោយពីព្យុះកួចដ៏កំណាច ថូណាដូ (Tornado) ដ៏ខ្លាំងក្លាមួយបានបោកបក់កាត់តំបន់ លីខោនធី (Lee County) ក្នុងរដ្ឋ អាឡាបាម៉ា (Alabama) សហរដ្ឋអាមេរិក៕
៤៖ ខណៈទំហំកញ្ចប់ថវិកាសម្រាប់ចំណាយក្នុងវិស័យការពារជាតិ នឹងត្រូវបញ្ចេញនាថ្ងៃស្អែក អ្នកនាំពាក្យសភាប្រជាជនចិនបានបញ្ជាក់ នាថ្ងៃចន្ទនេះថា ប្រទេសចិននឹងបង្កើនការចំណាយក្នុងវិស័យដ៏ចម្បងនេះ ក្នុងកម្រិតមួយដែលសមហេតុសមផល និងសមរម្យដើម្បីឲ្យ ស្របទៅតាមតម្រូវការសន្តិសុខជាតិ និងការធ្វើកំណែទម្រង់យោធារបស់ខ្លួន៕
៥៖ យានអវកាសអាមេរិក Crew Dragon (Dragon 2) បានចូលទៅចត និងតភ្ជាប់ជាមួយស្ថានីយអវកាសអន្តរជាតិ ISS ដោយជោគជ័យហើយ នៅក្នុងបេសកកម្មសាកល្បងលើកដំបូងរបស់វា ដោយពុំមានមនុស្សជិះ (មានតែមនុស្សជ័រតំណាង)៕
៦៖ រថភ្លើងពិសេសរបស់ប្រមុខមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានធ្វើដំណើរឆ្លងកាត់ទីក្រុង ធានជិន (Tianjin) ដែលនៅជាប់រដ្ឋធានីប៉េកាំងប្រទេសចិននាថ្ងៃចន្ទនេះ ពោលគឺបានសំដៅឆ្ពោះត្រង់ត្រឡប់ទៅទីក្រុងព្យុងយ៉ាងវិញតែម្តង ក្រោយជំនួបកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និងការបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅឯប្រទេសវៀតណាម៕